ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ឲ្យក្រុមការងារ ចុះមូលដា្ឋនរាជធានីភ្នំពេញ ដាច់ខាតត្រូវស្គាល់តួនាទីច្បាស់លាស់ ទើបបម្រើពលរដ្ឋបានល្អ និងចំទិសដៅ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដា្ឋនរាជធានីភ្នំពេញ បានធ្វើការផ្តែផ្តាំដល់សមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ត្រូវយល់ដឹងពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ ទើបអាចបម្រើប្រជាពលរដ្ឋ បានល្អនិងចំទិសដៅ ។

ការណែនាំរបស់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដា្ឋនរាជធានីភ្នំពេញ ខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ “សេចក្ដីសម្រេចរបស់រាជរដ្ធាភិបាល ស្ដីពី ការចាត់តាំងសមាសភាព ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដា្ឋនរាជធានីភ្នំពេញ” នៅសាលមហោស្រពចេនឡានៃមជ្ឈមណ្ឌលវប្បធម៌ភ្នំពេញ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានស្នើឲ្យទាំងក្រុមការងារថ្នាក់ជាតិទាំងថ្មី និងចាស់រួមសហការគ្នា ដើម្បីជ្រោមជ្រែងការងារនេះ ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត។ សម្រាប់ក្រុមការងារ ដាច់ខាតត្រូវតែស្គាល់ពីតួនាទីរបស់ខ្លួន ឲ្យបានច្បាស់លាស់ ទើបយើងអាចបម្រើប្រជាពលរដ្ឋ បានល្អនិងចំទិសដៅ។

ក្រៅពីជំរុញ ឲ្យក្រុមការងារផ្សព្វផ្សាយ ពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលហើយនោះ លោក ស៊ុន ចាន់ថុល ក៏បានណែនាំថា “ការដោះស្រាយ បញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ ក្រុមការងារមិនមានសិទ្ធិសម្រេចជំនួស ក្រសួង ស្ថាប័នជំនាញនោះទេ។ យើងមានសិទ្ធិត្រឹមសម្របសម្រួល ជាមួយនឹងក្រសួងស្ថាប័នទាំងនេះ ក្នុងដោះស្រាយជូនប្រជាពលរដ្ឋ”។

លោកបានលើកឡើងថា “ដឹងឮពីការចង់បានរបស់ប្រជាពលរដ្ឋហើយ មិនដោះស្រាយជូនពួកគាត់ វាជាកំហុសដ៏ធំមួយ។ ដូច្នេះរាល់សំណូមពរ សំណើរបស់ប្រជាពលរដ្ឋ ត្រូវតែធ្វើការដោះស្រាយជូនពួកគាត់”។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនរាជធានីភ្នំពេញរូបនេះ បានជំរុញឲ្យក្រុមការងារទាំង១៤ខណ្ឌ ផ្សព្វផ្សាយ និងជំរុញពលរដ្ឋ ដែលមានជីវភាពខ្វះខាត បានទៅសិក្សារៀនសូត្រពីជំនាញវិជ្ជាជីវៈដើម្បីពួកគាត់អាចយកចំណេះវិជ្ជាទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ខ្លួនឯងផង គ្រួសារផង ក៏ដូចជាសង្គមជាតិ។ បើកម្ពុជា មិនមានធនធានមនុស្សគ្រប់គ្រាន់ ការវិនិយោគក៏មានការពិបាកផងដែរ។

ជាមួយគ្នានេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានគូសបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំ និងការរៀបចំវេទិកាសាធារណៈនៅតាមបណ្តាខណ្ឌ-សង្កាត់ ទូទាំងរាជធានីភ្នំពេញ ក្រុមការងារបានខិតខំប្រមែប្រមូលព័ត៌មាន ស្វែងយល់អំពីតម្រូវការ សំណូមពរ និងសម្របសម្រួលដោះស្រាយបញ្ហា ប្រឈមជាច្រើន ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយសម្រេចបានលទ្ធផលជាផ្លែផ្កា ពិសេសការដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ ដោយភាពស្មោះត្រង់ និងតម្លាភាពធ្វើឲ្យប្រជាពលរដ្ឋ កាន់តែមានជំនឿជឿជាក់ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

លោក កើត ឆែលើកឡើងថា “ក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋាននៅរាជធានីភ្នំពេញ មិនអាចកាត់ផ្តាច់ចេញពីការចូលរួមសហការគាំទ្រពីសំណាក់ក្រសួង-ស្ថាប័ន ថ្នាក់ជាតិ ក្រុមប្រឹក្សា គណៈអភិបាល អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរ- អង្គភាពជំនាញ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការចុះបំពេញការងារជូនប្រជាពលរដ្ឋនោះទេ” ។

គួរបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ រួមមាន៖ ខណ្ឌចំការមន និងខណ្ឌពោធិសែនជ័យ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន។ ខណ្ឌដូនពេញ លោក ឆៃ ណារិទ្ធ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស ជាប្រធាន។ ខណ្ឌ៧មករា លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន។ ខណ្ឌទួលគោក លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស ជាប្រធាន។ ខណ្ឌដង្កោ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញជាប្រធាន។ ខណ្ឌមានជ័យ លោក ជា វុទ្ធី អគ្គលេខាធិការ គ.វ.ក នៃ ក.អ.ក ជាប្រធាន។

ខណ្ឌឬស្សីកែវ លោក យឹម លាង អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ជាប្រធាន។ ខណ្ឌសែន សុខ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាប្រធាន។ ខណ្ឌជ្រោយចង្វា លោក ឯក ស៊ុនចាន់ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ជាប្រធាន។ ខណ្ឌព្រែកព្នៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធាន។ ខណ្ឌច្បារអំពៅ លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ជាប្រធាន។ ខណ្ឌបឹងកេងកង លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ជាប្រធាន និងខណ្ឌកំបូល លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាប្រធាន។ ដោយឡែករដ្ឋលេខាធិការដ្ឋាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាប្រធាន៕

To Top