ព័ត៌មានជាតិ

ក្រសួងការងារ បានរៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍ ២០២៤-២០២៨ អនុលោមតាមសូចនាករ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១

ភ្នំពេញ៖ លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថាក្រសួងការងារ បានរៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨។

លោករដ្ឋមន្រ្តីបានបន្ថែមថា ផែនការយុទ្ធសាស្រ្តនេះគឺដោយបាន អនុលោមតាមសូចនាករ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ និងដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យ នូវគោលដៅទាំងឡាយដែលបានដាក់ចេញ ក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែល រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។

លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រត្រូវបានធ្វើអាទិភាពកម្ម យុទ្ធសាស្ត្របច្ចេកទេសចំនួន ៥ និងយុទ្ធសាស្ត្រគាំទ្រទូទៅចំនួន ១ (៥បូក១) រួមមាន៖

យុទ្ធសាស្ត្រទី១ «ការរៀបចំ និងអនុវត្តគោលនយោបាយ ទីផ្សារការងារសកម្ម» ដើម្បីកាត់បន្ថយបានជាអតិបរមានូវភាពមិនស៊ីសង្វាក់គ្នា រវាងតួអង្គអ្នកស្វែងរកការងារ អ្នកផ្តល់ការងារ និងអ្នកផ្តល់ការបណ្តុះបណ្តាល។

លោកបានបន្ថែមថា ចំពោះយុទ្ធសាស្ត្រទី២ «ការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចនិងសង្គមឌីជីថល និងសេដ្ឋកិច្ចបៃតង។

រីឯ យុទ្ធសាស្ត្រទី៣ «ការអភិវឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ស្របតាមការវិវត្តនៃពិភពការងារ»។

ក្នុងនោះយុទ្ធសាស្ត្រទី៤ «ការពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ ការងារប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព» ដើម្បីបង្កើនការការពារសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូ និងផលប្រយោជន៍របស់បងប្អូន ពលករទេសន្តប្រវេសន៍កម្ពុជា ក៏ដូចជាជនបរទេស ដែលធ្វើការដោយស្របច្បាប់នៅកម្ពុជា។

ចំណែកយុទ្ធសាស្ត្រទី៥ «ការអភិវឌ្ឍរបបសន្តិសុខសង្គម ស្របតាមការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច» គ្រប់កម្មករនិយោជិត និងប្រជាពលរដ្ឋមានសុខមាលភាព និងសន្តិសុខសង្គមពេញលេញទាំង នៅក្នុងអំឡុងពេលមានការងារ និងមុខរបរ រហូតដល់ពេលចូលនិវត្តន៍។

លោករដ្ឋមន្រ្តីបន្ថែមថា យុទ្ធសាស្ត្រគាំទ្រទូទៅចំនួន១ គឺ «ការធ្វើទំនើបកម្មស្ថាប័ន និងការផ្តល់សេវាសាធារណៈ និងសេវាគាំទ្រទូទៅតាមបច្ចេកវិទ្យាឌីជីថល» ដែលយុទ្ធសាស្រ្តនេះនឹងធ្វើឱ្យក្រសួង កាន់តែពង្រឹងបាននូវសមត្ថភាព គុណភាព សេវាឆ្លើយតប និងសេវាទ្រទ្រង់ប្រកបដោយការទទួលខុសត្រូវ តម្លាភាព គណនេយ្យភាព ឈរលើប្រព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធទិន្នន័យច្បាស់លាស់។ និងចុងក្រោយយុទ្ធសាស្ត្របច្ចេកទេសទាំង៥ និងយុទ្ធសាស្ត្រគាំទ្រូទូទៅ១ ចែកចេញជាកម្មវិធីអនុវត្ត ចំនួន ៣០ ចង្កោមសកម្មភាពអាទិភាពចំនួន ១៥០ និងសកម្មភាពការងារអាទិភាពចំនួន ៧៥០ ៕

To Top