ភ្នំពេញ ៖ លោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជាបានបង្ហាញការប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយក្រសួងមហាផ្ទៃកម្ពុជាបន្ថែមទៀត តាមរយៈការបន្តផ្ដល់វគ្គបណ្ដុះបណ្ដាល និងជំនួយសម្ភារៈផ្សេងៗ ដល់មន្ត្រីនគរបាលជាតិកម្ពុជា។
ការបញ្ជាក់ពី លោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌា បានធ្វើឡើងនាឱកាស លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតជូនលោកស្រី ដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
លោកឧបនាយករដ្ឋមន្រ្តី បានសម្ដែងការអបអរសាទរ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលឥណ្ឌា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីឥណ្ឌា ដែលតែងតែយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល តាមរយៈការផ្ដល់អាហារូបករណ៍រយៈពេលខ្លី-វែង ទៅសិក្សាជំនាញផ្សេងៗនៅប្រទេសឥណ្ឌាជូនមន្ត្រីនគរបាលកម្ពុជា។
លោកស្រីបណ្ឌិត ក៏បានអបអរសាទរជូន លោកឧបនាយករដ្ឋមន្រ្តី ស សុខា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកោតសរសើរចំណាត់ការប្រកប ដោយប្រសិទ្ធភាពរបស់ក្រសួងមហាផ្ទៃក្នុងការបង្ក្រាបបទល្មើសផ្សេងៗ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែន សំដៅថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជាពិសេស បង្កើនទំនុកចិត្តដល់អ្នកវិនិយោគទុន និងភ្ញៀវទេសចរមកប្រទេសកម្ពុជា៕





