ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបគណៈប្រតិភូសមាជិកសភា នៃបណ្តាប្រទេសតំបន់ន័រឌិក

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ៨ កុម្ភៈ បានទទួលជួបគណៈប្រតិភូសមាជិកសភា នៃបណ្តាប្រទេសតំបន់ន័រឌិក (Nordic countries) ចូលជួបសម្តែងការគួរសម និងបញ្ជាក់ពីការគាំទ្រអំពីវឌ្ឍនភាពដ៏ល្អប្រសើរគួរកត់សម្គាល់នៃវិស័យសុខាភិបាលកម្ពុជា បន្ទាប់ពីគណៈប្រតិភូបានធ្វើទស្សនកិច្ច ជួបដោយផ្ទាល់មន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋ ស្វែងយល់អំពីការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន មណ្ឌលសុខភាពនានា ទាំងនៅបណ្តាខេត្ត ទាំងនៅថ្នាក់ជាតិ។
 
ក្នុងនាមក្រសួងសុខាភិបាល សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ប្រតិភូសមាជិកសភា នៃបណ្តាប្រទេសតំបន់ Nordic រួមមានប្រទេស ដាណឺម៉ាក ស៊ុយអែត ន័រវេស ក៏ដូចជាបណ្តាដៃគូសុខាភិបាលដែលបានអញ្ជើញចូលជួបសម្តែងការគួរសមនេះ ចូលរួមសាទរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងប៉ុន្មានថ្ងៃកន្លងមកនេះក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបពីស្ថានភាព សុខាភិបាលនៅកម្ពុជា ដោយលើកអំពីប្រវត្តិសាស្ត្រ នៃភាពជូរចត់ដែលបណ្តាលមកពីសង្គ្រាមរ៉ាំរ៉ៃ បំផ្លាញស្ទើរទាំងស្រុង ទាំងរចនាសម្ពន្ធ័ និងធនធានសុខាភិបាល (មនុស្ស) កត្តាប្រឈម និងផលលំបាកជាបន្តបន្ទាប់ រហូតសម្រេចបានវឌ្ឍនភាពនៃការស្តារប្រព័ន្ធសុខាភិបាលអោយបានគាប់ប្រសើរ និងកាន់តែឆ្លើយតបបានទៅនឹងតម្រូវការប្រជាពលរដ្ឋ។

ដំណើរទស្សនកិច្ចចុះពិនិត្យស្វែងយល់ដោយផ្ទាល់នៃប្រតិភូ ទៅក្នុងតំបន់ឆ្ងាយៗ ពិតជាបានឆ្លុះបញ្ជាំងពីតថភាពពិតប្រាកដនៃការខិតខំប្តូរផ្តាច់នៃមន្ត្រីសុខាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលពាក់ពន្ធ័ ក្នុងការអនុវត្តន៍ និងការសម្រេចបាននូវជោគជ័យជាបន្តបន្ទាប់ក្នុងកាតព្វកិច្វ និងបេសកកម្មរបស់ខ្លួន។
 
ចំណែក លោកស្រី Ms Astrid Krag KRISTENSEN តំណាងគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់ឱកាសជូនគណៈប្រតិភូអោយបានឃើញផ្ទាល់អំពីប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ និងប្រសិទ្ធិភាពការផ្តល់សេវាសុខាភិបាលដល់មូលដ្ឋានផងដែរ ដែលជាការរៀនសូត្រផ្លាស់ប្តូរបទពិសោធន័ការងារ។

ឆ្លៀតក្នុងឱកាសនោះដែរ គណៈប្រតិភូក៏មិនភ្លេច សម្តែងការអបអរសាទរ និងជូនពរលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល និងតែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសម្រាប់នីតិកាលទី៧នេះ។

លោកស្រីតំណាងគណៈប្រតិភូ និងសមាជិកគណៈប្រតិភូ ក៏បានបន្តដោយលើកឡើងជាសំណួរ និងចំណាប់អារម្មណ៍ និងការចែករំលែកនូវបទពិសោធន៍ ក្នុងសមាសភាពដែលលោកស្រីក៏ធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមហាផ្ទៃផងដែរនៅក្នុងប្រទេសរបស់លោកស្រីផងដែរ។ កិច្ចពិភាក្សាផ្តោតលើ បទពិសោធន៍នៃការអភិវឌ្ឍប្រព័ន្ធសុខាភិបាល កិច្ចការងារអន្តរក្រសួង កិច្ចការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងដំណើរអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាសុខភាពឌីជីថល ក្នុងនាសម័យទំនើប បរិវត្តកម្មបច្ចេកវិទ្យា និងនវានុវត្តន៍នេះផងដែរ។
 
ជាមួយគ្នានេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការ និងជំនួយកន្លងមក ពីបណ្តាដៃគូសុខាភិបាល និងជាពិសេសចំពោះបណ្តាប្រទេសតំបន់ Nordic ក្នុងការធានាឲ្យបាននូវប្រសិទ្ធភាព ដើម្បីចូលរួមចំណែក ក្នុងការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចជាអាទិភាពសុខាភិបាល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

To Top