ព័ត៌មានជាតិ

ឌុបកូន២នាក់ ទៅយកប្រពន្ធ ចេញពីធ្វើការ ពេលយប់នៅផ្សារ AEON-3 មិនទាន់ដល់ផង ត្រូវរថយន្តបុកពីក្រោយ បណ្តាលឲ្យកូនស្រីស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូអាគុប ស៊េរីចាស់ ដឹកកូន២នាក់ទៅ យកប្រពន្ធចេញ ពីធ្វើការនៅពេលយប់ នៅផ្សារទំនើបAEON-3 តែមិនទាន់ដល់ផង ត្រូវរថយន្តមួយបាំងកន្លះ ពណ៌ស (មិនចាំស្លាកលេខ) បុកពីក្រោយ អូសឡើង​ចិញ្ចើមផ្លូវ​ បណ្តាលឲ្យស្លាប់កូនស្រី ខណៈកូនប្រុសរបួសមធ្យម​ និងឪពុករបួសធ្ងន់ នៅចំណុចផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចមុខបង្គោល គីឡូម៉ែត្រលេខ៧ (ខាងកើតថ្នល់) នៅម៉ោង៩ និង៣៥នាទីយប់​ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២៤ដែលជាថ្ងៃចូលឆ្នាំចិន ថ្ងៃទី២ ។ នេះបើតាមការផ្សព្វផ្សាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃ១២ កុម្ភៈ ។

បើតាមសាក្សីនៅកន្លែងកើតហេតុ រថយន្តបង្កបានបោះពួកយ៉ាងលឿនដូចហោះ បុកពីក្រោយម៉ូតូរបស់ជនរងគ្រោះ ប៉ើងខ្ទាតបោកនឹងថ្នល់​ និងអូសទាំងមនុស្ស និងម៉ូតូឡើងចិញ្ចើមផ្លូវបណ្ដាល ឲ្យរបួសកូនស្រីធ្ងន់ធ្ងរហើយបានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងគ្រាក្រុមគ្រូពេទ្យ បានព្យាយាមសង្គ្រោះតាមលទ្ធភាពដែរ​ តែអកុសលដោយស្ថានភាពរបួសធ្ងន់ធ្ងរ ពេក​បានផុតដង្ហើម រីឯឪពុករងរបួសធ្ងន់​ និងកូនប្រុសតូចរបួសមធ្យម។

ចំណែក រថយន្តមិនបន្ថយល្បឿនទេ ថែមទាំងកិនអូសម៉ូតូ ទៅកល់ជាប់ពំនូកខ្សាច់ខ្ទេចខ្ទី ស្ទើរទាំងស្រុង​ ហើយបន្ថែមល្បឿន បើក​រត់បាត់ស្រមោលតែម្តង។

បុរសជាឪពុកឈ្មោះ សោម​ សីហាក់​ អាយុ​៣៥ឆ្នាំ រងរបួសធ្ងន់​ ជាអ្នកបើកម៉ូតូ​អាគុប CUP-50 ស៊េរីចាស់​ ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខភ្នំពេញ 1AV-8317 ដឹកកូនប្រុសម្នាក់ ជិះខាងមុខឈ្មោះ សោម​ សុវណ្ណបញ្ញា អាយុ៤ឆ្នាំ រងរបួសបែកក្បាល និងពកក្បាលពីក្រោយ ចំណែកកូនស្រីម្នាក់ទៀត ជិះឱបចង្កេះពីក្រោយឈ្មោះ សោម បញ្ញាលីកា អាយុ១១ឆ្នាំ​ ស្លាប់ពេលបញ្ជូន ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ជើងឯក​ ចុះទៅយកទៅរក្សាទុកបណ្ដោះអាសន្ន រងចាំផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោ​ ធ្វើការតាមជំនាញបន្តទៀត​ ។

បច្ចុប្បន្ន​ សពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី​ នៅផ្ទះរបស់ក្រុមគ្រួសារជនរងគ្រោះ​ ស្ថិតនៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ដោយក្រុមគ្រួសារពុំសូវមានលទ្ធភាពធ្វើបុណ្យ បើមានសប្បុរសជនចង់ ជួយឧបត្ថម្ភចូលបុណ្យអាចទាក់ទង លេខទូរស័ព្ទម្ដាយក្មេងស្រីរងគ្រោះផ្ទាល់ 0969014020 ៕

To Top