ព័ត៌មានជាតិ

សិក្ខាកាមក្រីក្រ នៅខេត្តស្ទឹងត្រែង ពេញចិត្តរៀនជំនាញ មានទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ ជាមួយសម្ភារៈ ដ៏សម្បូរបែប

ភ្នំពេញ ៖ យុវជនមកពីគ្រួសារក្រីក្រ ដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនិង បច្ចេកទេស ខេត្តស្ទឹងត្រែង បានលើកឡើងថា ការរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល គឺមានឧបករណ៍ សម្ភារៈសម្រាប់អនុវត្តផ្ទាល់ និងវិធីសាស្រ្តក្នុងការបង្រៀន ដ៏សំបូរបែបនៅក្នុងសាលា ហើយយុវជនពេញចិត្ត និងរីករាយ ក្នុងការរៀនសូត្រ។

យុវតី ព្រាង ផល្លី ដែលជាសិក្ខាកាម កំពុងសិក្សា ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្នែកសិក្សា ជំនាញការដំឡើង ប្រព័ន្ធបណ្តាញអគ្គិសនី ក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តស្ទឹងត្រែង បានលើកឡើងថា ៖ «ខ្ញុំពេញចិត្តនៃការសិក្សាជំនាញវិជ្ជាជីវៈ នេះណាស់ ពីព្រោះខ្ញុំរៀនអគ្គិសនីចឹង ! ក្នុងសាលាមានការអនុវត្តផ្ទាល់ ខ្ញុំមានការដំឡើងអំពូលផ្ទាល់ ហើយការអនុវត្តផ្ទាល់ ទៅលើសម្ភារៈអគ្គិសនីផ្សេងៗ ទៀតជាច្រើន ជាពិសេសនៅសាលាមានសំបូរ បែបណាស់ទាក់ទង និងសម្ភារៈអគ្គិសនីជាច្រើន» ។

យុវតីរូបនេះបន្ថែមថា រៀនរយៈពេលជិត១ខែមកនេះ ខ្លួនបានអនុវត្តផ្ទាល់ទៅលើការចូលរោងជាង ជាពិសេសបានចូលអនុវត្ត ផ្នែកតបណ្តាញអគ្គិសនីផងដែរ ដោយមានគ្រូបង្រៀន តាមចង្អុលបង្ហាញត្រឹមត្រូវ និងយកចិត្តទុកដាក់ណាស់ បូករួមទាំងការបង្ហាត់បង្ហាញ ផ្នែកផ្សេងៗទៀតជាដើម ។

ដោយឡែកយុវជន យុន វាសនា ជាសិក្ខាកាមសិក្សា ផ្នែកដំឡើងប្រព័ន្ធបណ្តាញ អគ្គិសនីក្នុងអាគារ ដែលកំពុង​រៀនមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង បបានលើកឡើងថា ៖ «ខ្ញុំពេញចិត្តណាស់ ក្នុងការរៀនជំនាញពីព្រោះខ្ញុំរៀនជំនាញអគ្គិសនីចឹង នៅក្នុងថ្នាក់មានបន្ទប់អនុវត្តពិតៗ បង្ហាញកម្មវិធី របស់វាបានជាក់ស្តែងតែម្តង ដែលកត្តាទាំងនេះ ហើយដែលអាចទាក់ទាញ ចំណាប់អារម្មណ៍ខ្ញុំឱ្យចង់សិក្សាដូច្នេះដែរ» ។

យុវជនរូបនេះបន្ថែមថា រៀនចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន៤ខែ ខ្លួនសង្ឃឹមយ៉ាងមុតមាំថានឹងអាចមានជំនាញមួយច្បាស់លាស់ មានការងារធ្វើមួយល្អ មានប្រាក់ចំណូលសមរម្យ អាចស្រោចស្រង់ជីវភាព គ្រួសារបានប្រសើជាងពេលបច្ចុប្បន្ន។ យុវជន​រូប​នេះ​អរគុណរាជរដ្ឋាភិបាលដែលបាន ដាក់ចេញនូវការបណ្តុះបណ្តាលជំនាញ សម្រាប់យុវជនដោយឥតគិតថ្លៃ ហើយមានប្រាក់ឧបត្ថម្ភសម្រាប់ យុវជនមកពីគ្រួសារក្រីក្រ ។

សិក្ខាកាមទាំងពីរ បានអំពាវនាវទៅដល់យុវជនផ្សេងៗទៀត ឱ្យមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាលដើម្បីធានាថា ខ្លួនអាចមានជំនាញមួយច្បាស់លាស់ អាចរកការងារបានធ្វើបន្ទាប់ពីរៀនរយៈពេលខ្លី៕

To Top