ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន ត្រៀមដាក់ចេញយុទ្ធនាការ សម្អាតបឹងទន្លេសាប ដើម្បីការពារត្រី ដែលជាប្រភព អាហារូបត្ថម្ភ របស់ពលរដ្ឋកម្ពុជា

ភ្នំពេញ ៖ ត្រីជាប្រភពអាហារូបត្ថម្ភ ដ៏ចម្បង របស់ប្រជាពលរដ្ឋកម្ពុជា ហើយដើម្បីការពារ នូវប្រភពទ្រទ្រង់ សុខភាព ប្រជាពលរដ្ឋលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានត្រៀម ដាក់ចេញនូវយុទ្ធនាការ សម្អាតបឹងទន្លេសាប នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងជំហានទី១ នៃការកាត់បន្ថយសំណល់ ប្លាស្ទិក នៅលើគោក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ! ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែលមានប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមជាង៤លាននាក់ ។

ការថ្លែងឡើង របស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងស្វែងយល់អំពីការងារ អាទិភាពរបស់ក្រសួងបរិស្ថាន ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ រវាងអង្គការសហប្រជាជាតិ សម្រាប់សេវាកម្មគម្រោង(UNOPS) និងក្រសួងបរិស្ថាន នៅទីស្តីការក្រសួង នាសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤។

កញ្ញា អ៊ីដា ក្រាចា (Eda Kraja) អ្នកគ្រប់គ្រងប្រចាំប្រទេស កម្ពុជា-ឡាវ នៃការិយាល័យអង្គការ សហប្រជាជាតិ សម្រាប់សេវាកម្មគម្រោង UNOPS បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីវត្ថុបំណង នៃជំនួប ដើម្បីបន្ត និងពង្រឹងកិច្ច សហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថានឆ្នាំ២០២៣-២០២៨។ លើសពីនេះកញ្ញា អ៊ីដា ក្រាចា (Eda Kraja) ក៏ចង់ស្វែង យល់បន្ថែមដែរអំពី ការងារអាទិភាពដើម្បីផ្សារ ភ្ជាប់ជាមួយគម្រោង ជាសកលផ្សេងៗ ទៀតរបស់ UNOPS តាមរយៈការសម្របសម្រួល គម្រោងការងារជាមួយដៃគូ ជាច្រើនដូចជា មូលនិធិអាកាសធាតុ បៃតង(GCF), ភាពជាដៃគូ(NDC partnership), UNEP មជ្ឈមណ្ឌលអាកាសធាតុ ទីក្រុងCopenhagen ។

ស្របជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានអរគុណ ចំពោះដៃគូអភិវឌ្ឍន៍ ដែលកន្លងមកបានរួមចំណែកជាមួយវិស័យបរិស្ថាន និងបានបង្ហាញជូនអំពីភាព ជោគជ័យ នៃការប្រែប្រួលឥរិយាបថ របស់សិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជា ចំពោះការកាត់បន្ថយការ ប្រើប្រាស់ប្លាស្ទិក ការរៀបចំទុកដាក់សំរាម និង ការបែងចែកសំរាម បានត្រឹមត្រូវ ដើម្បីធានាបាននូវភាព ស្អាតពីបរិវេណ ជុំវិញផ្ទះ សាលារៀន វត្តអារាម រួមនឹងសហគមន៍មូលដ្ឋាន។ ជាមួយភាពស្អាត ដែលកើតចេញពី សាមគ្គីភាព និងកម្លាំង នៃការរួបរួមចិត្តជាធ្លុងមួយនេះ នឹងធ្វើឱ្យកម្ពុជាស្អាត គឺទាំងនៅលើគោក ក្នុងទឹក និងអាកាស ហើយមរតកស្អាតនឹង បន្តទៅអ្នកជំនាន់ ក្រោយហើយសាយភាយ ទៅប្រទេសជុំវិញក្នុងតំបន់អាស៊ី៕

To Top