ព័ត៌មានជាតិ

លោក ជីវ ស៊ុនហេង រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យវឌ្ឍនភាព គម្រោងសាងសង់ ច្រាំងទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជីវ ស៊ុនហេង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាង លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរ ដោយលោក ភួន ចន្ថា អនុរដ្ឋលេខាធិការ លោក ឈុន ពុទ្ធារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន កិច្ចការបច្ចេកទេស លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេស នៃនាយកដ្ឋាន ជលសាស្រ្ត និង ការងារទន្លេ បានអញ្ជើញ ចុះត្រួតពិនិត្យ វឌ្ឍនភាព នៃការសាងសង់ច្រាំងទន្លេ បាសាក់ប្រវែង ១២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។

សូមជម្រាបថា ការអនុវត្តការសាងសង់សំណង់ច្រាំង ទន្លេបាសាក់សម្រេច បានដូចខាងក្រោម៖
-ការងាររៀបបាវការពារ ចរន្តទឹកបុក ហូរច្រោះដីផ្នែកខាងក្រោមសម្រេចបាន១០០%
-ការងារបុកស្បាន់ផាយ (Spun Pile) សម្រេចបាន១០០%
-ការងារបុកស៊ីផាយ សម្រេចបាន ៧០%
-ការងារបេតុងអាមេ សម្រេចបាន ២៥%
-ការងារបំពេញដី សម្រេចបាន ២០%

លោករដ្ឋលេខាធិការបានបញ្ជាក់ថា សរុបមកដល់បច្ចុប្បន្ន វឌ្ឍនភាព នៃការសាងសង់សំណង់ច្រាំងទន្លេបាសាក់ ក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦៨% បើតាមគម្រោងការងារនេះ នឹងបញ្ចប់ក្នុងដំណាច់ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

នាឱកាសនោះផងដែរ លោករដ្ឋលេខាធិការ បានណែនាំដល់ក្រុមការងារ បច្ចេកទេស នៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេឱ្យបន្តពង្រឹង ផ្នែកបច្ចេកទេស និងខិតខំពន្លឿន អនុវត្តការងារ ឱ្យសម្រេចបានតាមផែនការ ប្រកបដោយគុណភាព និងឆ្លើយតបតាមផែនការ កាត់បន្ថយការបាក់ច្រាំង ទន្លេឱ្យបានជាអតិបរមា ៕

To Top