ព័ត៌មានជាតិ

សម្ដេចធិបតី ៖ គ្រប់ទីកន្លែងនៅកម្ពុជាបច្ចុប្បន្ន គឺគ្មានសង្គ្រាម តែបែរមកវិញ ការបង្រួបបង្រួមជាតិ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានមានប្រសាសន៍ថា នៅគ្រប់ទីកន្លែងនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺគ្មានសង្គ្រាមទៀតឡើយ ប៉ុន្តែបែរមកវិញ គឺជាការបង្រួបបង្រួមប្រទេសជាតិ ព្រមទាំងមានការអភិវឌ្ឍគ្រប់ទីកន្លែង ។

នាឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នាព្រឹកថ្ងៃ១៩ មករា សម្ដេចធិបតី បានឲ្យដឹងថា គោលដៅចំបងរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ គឺជំរុញកំណើតសេដ្ឋកិច្ច ប្រកបដោយចរីភាព ដោយបង្កើតការងារ គ្រប់ទីកន្លែង ដោយអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធ ហើយគោលដៅធំបំផុតនោះ ការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ ។

សម្ដេចមានប្រសាសន៍ថា «បើរាប់តែ២៥ឆ្នាំនេះ រាប់តែសង្គ្រាមយើងបានបញ្ចប់ចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ យើងឃើញថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានបង្កើនឡើង ក្នុងរយៈពេល ២៥ឆ្នាំមកនេះ។ ៧៩ ដល់៩៨ យើងនៅវៃគ្នានៅឡើយ ថវិកាជាតិរបស់យើងជាច្រើន ត្រូវចំណាយទិញគ្រាប់ កម្លាំងពលរដ្ឋយើងជាច្រើន ត្រូវចូលទ័ព»។

សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «យើងនិយាយបានថា នៅគ្រប់ទីកន្លែងទាំងអស់ គ្មានសង្គ្រាមទៀតទេ នៅគ្រប់ទាំងអស់ គ្មានការដាក់មីនបន្ថែម គ្មានការបាញ់កាំភ្លើង។ តែបែរមកវិញ គឺការបង្រួបបង្រួមប្រទេសជាតិ របស់យើង មិនត្រឹមបង្រួមប្រទេសនោះទេ តែបង្រួបបង្រួបមទាំងទឹកដី មិនមែនកាត់ដីឲ្យគេនោះទេ តែបង្រួបតាមការរយៈការតភ្ជាប់ ហេដ្ឋរចនាសម្ព័ន្ធ»។

សម្ដេចបន្ថែមថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ គឺបាន ជួយឲ្យការធ្វើដំណើរប្រជាពលរដ្ឋកាន់តែងាយស្រួល កាត់បន្ថយចំណាយ និងកាត់បន្ថយពេលវេលាធ្វើដំណើរ បង្រួមខេត្តក្រុងឲ្យកាន់តែជិតគ្នា។ សម្ដេចថា តាមរយៈកំណើន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាននៅទូទាំងប្រទេស បានចូលរួមរុញកំណើន រោងចក្រ សហគ្រាស ជាច្រើនទៅដល់បណ្ដាខេត្ត បង្កើនការងារ និងមុខរបរជាច្រើនដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ៕

To Top