ព័ត៌មានជាតិ

កម្ពុជា គ្មានផែនការប្ដូររាជធានីភ្នំពេញ ទៅកន្លែងផ្សេងដូច ប្រទេសមួយចំនួនឡើយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលគ្មានផែនការផ្លាស់ប្ដូររាជធានីភ្នំពេញ ទៅកន្លែងផ្សេងដូចប្រទេសមួយចំនួនក្នុងតំបន់។

ក្នុងឱកាសអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នាព្រឹកថ្ងៃទី១៩ កុម្ភៈ សម្ដេចធិបតីមានប្រសាសន៍ថា “នៅភ្នំពេញតម្រូវការ ត្រូវធ្វើច្រើន។ កម្ពុជា គ្មានផែនការលើកទីក្រុងភ្នំពេញ ទៅណាទេ។ ប្រទេសខ្លះគេលើក ។ ឥឡូវឥណ្ឌូនេស៊ី គេកំពុងរៀបចំ ប្ដូរ ដោយសារកន្លែងហ្នឹងមានមនុស្សច្រើន។ នៅប្រទេសភូមា ឆ្នាំ២០០៥ គាត់បានរើស។ ខ្ញុំ ថា ភ្នំពេញ អត់ចាំបាច់រើសទៅតាមនោះទេ»។

មូលហេតុដែលប្រទេសទាំងនោះ ផ្លាស់ប្តូររាជធានីត្រូវបានសម្តេចអះអាងថា ពីព្រោះរដ្ឋធានីរបស់ប្រទេសទាំងនោះ បានស្រុតដីទាបជាងមុន ដោយសារការបូប ទឹកពីក្រោមដីប្រើប្រាស់ ធ្វើឲ្យរដ្ឋធានីរងគ្រោះដោយទឹកជំនន់។

ជាមួយគ្នានេះ សម្តេចក៏ផ្តាំថា ដូច្នេះត្រូវនាំគ្នាគិតគូរពីការ ពង្រីកផ្លូវនៅភ្នំពេញល្អជាង ជាពិសេសត្រូវសិក្សាផ្លូវក្រោមដី ទៅថ្ងៃខាងមុខ ខណៈប្រទេសកម្ពុជានឹងមានអ្វីៗ ដូចបណ្ដាប្រទេសអភិវឌ្ឍន៍ជឿនលឿន លើពិភពលោកដែរនាពេលអនាគត៕

To Top