ព័ត៌មានជាតិ

គ្រួសារជនរងគ្រោះ ក្នុងករណីចាប់ជំរិតទារប្រាក់ ១០លានដុល្លារ រំពឹងថានឹងទទួលបានយុត្តិធម៍ ពីសាលាឧទ្ធណ៍ ដូចករណីចាប់ខ្លួន ជនជាតិចិនតៃវ៉ាន់ ២នាក់ នៅក្រុងព្រះសីហនុ

ភ្នំពេញ៖ គ្រួសារជនរងគ្រោះ ក្នុងករណីចាប់ជំរិតទារប្រាក់ជិត១០លានដុល្លារ ដោយក្រុមឧក្រិដ្ឋជន ជាជនជាតិចិន កាលពីអំឡុងខែមេសា ឆ្នាំ២០២៣​ កន្លងទៅ បានរំពឹងទុកថា នឹងទទួលបានយុត្តិធម៍ ដូចករណីចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ២នាក់ នៅក្រុងព្រះសីហនុ។

បើតាមគ្រួសារជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ស្អែកនេះ សាលាឧទ្ធរណ៍ នឹងបើកសវនាការជំនុំជម្រះក្ដី លើករណីខាងលើ។

ជាមួយគ្នានេះ គ្រួសារជនរងគ្រោះ ក៏បានបង្ហាញនូវក្ដីព្រួយបារម្ភ ក្រែងមានការអន្តរគមន៍ ឱ្យតម្កល់សំណុំរឿង ឬឱ្យមានការដោះលេងក្រុមឧក្រិដ្ឋជន ណាមួយនោះ។

ជុំវិញករណីនេះ គ្រួសារជនរងគ្រោះ រំពឹងថា នឹងទទួលផ្ដល់យុត្តិធម៍ ពីតុលាការ ក្នុងសំណុំរឿងមួយនេះ។

សូមរំលឹកថា ករណីចាប់បង្ខាំង ដើម្បីជំរិតទារប្រាក់ ១០លានដុល្លារនេះ បានកើតឡើង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ពេលនោះក្រុមជនសង្ស័យ មានគ្នាចំនួន៣នាក់ បានប្រើប្រាស់រថយន្តម៉ាក Vellfire ពាក់ផ្លាកលេខភ្នំពេញ 2BQ-0560 (ផ្លាកលេខក្លែងក្លាយ) និងផ្លាកលេខភ្នំពេញ 2BT-1768 ប្រដាប់ដោយអាវុធគ្រប់ដៃ។ ក្រោយបើកប្រតិបត្តិការសមត្ថកិច្ច បានឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យសរុបចំនួន៨នាក់ បញ្ជួនទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់។បន្ទាប់ពីបានទទួលបណ្ដឹង ពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញ របស់នាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានប្រតិបត្តិការបង្ក្រាបករណីនេះ នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

ចំពោះករណីនេះតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ ក្រុមឧក្រិដ្ឋជនជនជាតិចិន ចំនួន៥នាក់ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារលុយប្រមាណ១០លានដុល្លារ នៅអគារស្កាយវីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រវត្តិរឿងទី១៖ https://dap-news.com/national/2023/04/23/326814/
ប្រវត្តិរឿងទី២៖ https://dap-news.com/national/2023/06/27/342328/
ប្រវត្តិរឿងទី៣៖https://dap-news.com/national/2023/04/28/328197/
ប្រវត្តិរឿងទី៤៖https://dap-news.com/national/2023/07/12/345222/
ប្រវត្តិរឿងទី៤៖https://dap-news.com/national/2023/06/27/342328/

To Top