ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងដំណើរការ បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ៥៤៥ថ្នាក់នៅទូទាំងប្រទេស ។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៩ កុម្ភៈ នេះ។
បើតាមអ្នកនាំពាក្យ ក្នុងចំណោមទាំងជាង៥០០ថ្នាក់នេះ រួមមានវិស័យសំណង់ ១២៥ថ្នាក់ អគ្គិសនី និងថាមពល ៨ថ្នាក់, អេឡិចត្រូនិកចំនួន ១៩ថ្នាក់, កម្មន្តសាលចំនួន ២១ថ្នាក់, មេកានិកទូទៅ/មេកានិករថយន្តចំនួន ៨៥ថ្នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ១២០ថ្នាក់, សេវាកម្មចំនួន ៣៥ថ្នាក់, បរិក្ខារត្រជាក់ និងកម្តៅចំនួន ៦៦ថ្នាក់ ទេសចរណ៍ចំនួន ៤១ថ្នាក់, និង កសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ២៥ថ្នាក់ មានសិស្សចូលរៀនសរុប ១២ ១១២នាក់។
លោកបន្ថែមថា ដើម្បីផ្សព្វផ្សាយ និងកៀរគរយុវជន គោលដៅមកចុះ ឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ក្រសួងបានធ្វើយុទ្ធនាការផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គម Facebook, Telegram, YouTube និង TikTok ព្រមទាំងបានចុះយុទ្ធនាការផ្សព្វផ្សាយ ផ្ទាល់នៅតាមសង្កាត់ និងតាមខ្នងផ្ទះគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងបានបណ្តុះបណ្តាល ជនបង្គោលឱ្យចេះប្រើប្រាស់កម្មវីធីចុះឈ្មោះរៀន តាមប្រព័ន្ធឌីជីថល ដើម្បីត្រៀមជួយដល់ ក្រុមគោលដៅក្នុងការចុះឈ្មោះចូលរៀន កម្មវិធីបណ្តុះបណ្តាល។
លោកគូសបញ្ជាក់ថា ចាប់តាំងពីការបើកបវេសនកាលជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅវិទ្យាស្ថាន បណ្តុះបណ្តាលបច្ចេកទេស នៅទូទាំងប្រទេសបាន នឹងកំពុងបន្តការបណ្តុះបណ្តាល របស់ខ្លួនដោយរលូន សិស្សានុសិស្សពេញចិត្ត ក្នុងការសិក្សាជាមួយគ្រូបង្រៀន ដែលមានទាំងទ្រឹស្តី និង ការអនុវត្តផ្ទាល់ ជាពិសេសនោះវិទ្យាស្ថាន មួយចំនួនបានបញ្ជូន សិក្ខាកាម របស់ខ្លួនចុះកម្មសិក្សា នៅតាមក្រុមហ៊ុនឯកជន នានារួចមកហើយ ។
លោកបានអំពាវនាវ ឱ្យយុវជន នៅទូទាំងប្រទេស ទាំងអស់ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នេះបន្តទៀត ពីព្រោះគ្រប់វិទ្យាស្ថានបណ្តុះបណ្តាល ទាំងអស់នៅទូទាំងប្រទេស នៅតែបន្តទទួលពាក្យសិស្ស ចុះឈ្មោះចូលរៀនជារៀងរហូត ។ យុវជនទាំងអស់អាចទាញ យកកម្មវិធីចុះឈ្មោះចូលរៀន តាមរយៈទូរស័ព្ទ (TVET 1.5M) ឬស្វែងរកព័ត៌មាននៃការចុះឈ្មោះចូលរៀន នៅតាមវិទ្យាស្ថានបណ្តុះបណ្តាល បច្ចេកទេសនៅជិតផ្ទះខ្លួន ឬទូរស័ព្ទមកលេខ ១២៩៧ សម្រាប់ព័ត៌មានបន្ថែម ៕