ព័ត៌មានជាតិ

តើអនុសាសន៍គន្លឹះ១០ ចំណុច របស់សម្តេចតេជោ និងអនុសាសន៍១០ ចំណុច របស់សម្តេចធិបតី មានសារសំខាន់ បែបណា ចំពោះភាពប្រសើរឡើង របស់កម្មករកម្ពុជា?

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ ណែនាំចំនួន១៣ចំណុច ឱ្យក្រសួងការងារ អនុវត្តឱ្យជោគជ័យ។

ក្នុងចំណោមអនុសាសន៍ទាំង១៣ ចំណុចនេះ ត្រង់អនុសាសន៍ទី៣ គឺសម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួងការងារ អនុវត្តអនុសាសន៍គន្លឹះទាំង១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអនុសាសន៍១០ចំណុច ដែលសម្តេចធិបតីបានដាក់ចេញកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកបណ្ឌិត យង់ ពៅ អគ្គលេខានៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានបញ្ជាក់ថា អនុសាសន៍ណែនាំចំនួន១០ របស់សម្តេចធិបតី ជាគុណតម្លៃដ៏សំខាន់របស់ថ្នាក់ដឹកនាំ ក្នុងការបន្តយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋ កម្មករនិយោជិត យុវជន ដើម្បីភាពសុខសាន្ត និង សេដ្ឋកិច្ចសង្គមកម្ពុជា ដែលផ្តើមចេញ ពីមូលដ្ឋានរឹងមាំនៃសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

អនុសាសន៍ទាំង១០ចំណុចរបស់សម្តេចធិបតី ណែនាំឱ្យក្រសួងការងារ ពិភាក្សាទៅលើប្រាក់ឈ្នួលកម្មករ, ការអនុវត្តរបបសន្តិសុខសង្គម ប.ស.ស សម្រាប់អ្នកធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ, កម្មវិធីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់, ការឧបត្ថម្ភប្រាក់ដល់ស្ត្រីមានផ្ទៃពោះ មុននិងក្រោយពេលសម្រាល, បង្កើតកម្មវិធី ដើម្បីប្រែក្លាយ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ចាប់ពីឆ្នាំ២០២៤តទៅ។

ក្រៅពីនេះអនុសាសន៍ណែនាំចំនួន៤ ដែលក្រសួងការងារ ត្រូវអនុវត្ត នៅរយៈពេល២ឆ្នាំខាងមុខនោះ គឺត្រូវសហការ ជាមួយក្រសួង ពាក់ព័ន្ធបង្កើតទារកដ្ឋាន និង មតេយ្យ សហគមន៍, រៀបចំកន្លែងហូបបាយ ឬអាហារដ្ឋាន នៅតាមរោងចក្រ, ការផ្លាស់ប្តូរមធ្យោបាយដឹក កម្មករ ដើម្បីផាកសុខភាពនិងសុវត្ថិភាព និងការជំរុញការធ្វើតេស ជំនាញរបស់កម្មករ ទាំងក្នុងស្រុកនិង ក្រៅស្រុកឱ្យទទួលបានវិញ្ញាបនបត្រ ទទួលស្គាលជំនាញមួយ ។
ចំពោះអនុសាសន៍គន្លឹះទាំង១០ របស់សម្តេចតេជោ ត្រូវបានលោកបណ្ឌិត យង់ ពៅ យល់ឃើញថា ជាអនុសាសន៍ ដែលមានតម្លៃដ៏មហាសាល សម្រាប់ កម្មករនិយោជិត ដែលកំពុងបម្រើក ការងារនៅកម្ពុជា ។ ព្រោះសុទ្ធតែមានគុណ ប្រយោជន៍ សម្រាប់កម្មករ និយោជិត ពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ មុននិងក្រោយសម្រាល រួមនឹងការគាំពារសុខភាព របស់កម្មករនិយោជិត តាមរយៈការអនុវត្តរបបសន្តិសុខ សង្គមជាដើម។

ជាមួយគ្នានេះ លោកបណ្ឌិតយង់ ពៅ សង្ឃឹមថា ក្រសួងការងារ និងក្រសួងស្ថាប័នពាក់ព័ន្ធនឹង បន្តអនុវត្តអនុសាសន៍ គន្លឹះទាំង១០ចំណុច របស់សម្តេចតេជោឱ្យមានប្រសិនភាព និងនិរន្តរភាព ដើម្បីជាប្រយោជន៍ដល់កម្មករ និយោជិតក្នុងការរក្សាស្ថេរភាពសង្គម សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា។ លោកបណ្ឌិតបន្តថា កម្មករនិយោជិតគឺជាកម្លាំង ផលិតដ៏សំខាន់ របស់សង្គមជាតិ នៅក្នុងវិស័យឧស្សាហកម្ម។

គួរបញ្ជាក់ថា អនុសាសន៍គន្លឹះទាំង១០ចំណុចរបស់សម្តេចតេជោ មានដូចជាការបើកប្រាក់ឈ្នួលកម្មករ២ដងក្នុង១ខែ, ការពិនិត្យព្យាបាលជំងឺជូនកម្មករមិនគិតថ្លៃ, ការផ្តល់ប្រាក់ឈ្នួល១២០% និងអនុញ្ញាតឱ្យសម្រាកមាតុភាព៣ខែ សម្រាប់ស្ត្រីសម្រាលកូន ។ ក្រៅពីនេះក៏មានការឧបត្ថម្ភប្រាក់ ដល់កម្មករិនីមានកូន១នាក់ ៤០ម៉ឺនរៀល, ការទទួលបាន របបសន្តិសុខសង្គមថែទាំងសុខភាព, ការពិនិត្យថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនីនៅតាមផ្ទះជួល។ល៕

To Top