ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានឹងដឹកនាំសម័យប្រជុំ រដ្ឋសភាជាវិសាមញ្ញនៅថ្ងៃ២១ កុម្ភៈស្អែកនេះ ដើម្បីបោះឆ្នោតតែងតំាង សមាជិករាជរដ្ឋាភិបាលចំនួន៣រូប ជាឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភាបានឲ្យដឹងថា កិច្ចប្រជុំនេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំងបំពេញបន្ថែម សមាសភាពរាជរដ្ឋាភិបាល ចំនួន៣រូប ជាឧបនាយករដ្ឋមន្រ្តីមួយរូប និងទេសរដ្ឋមន្រ្តី២រូប រួមមាន ៖ លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ , លោក ស៊្រី ថាមរុង្គ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស , លោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ។
រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេច ឃួន សុដារី បានដំណើរការមកអស់រយៈពេលប្រមាណ ៦ខែហើយ។ ក្រៅពីការងារនីតិកម្មនេះ ក្នុងរយៈពេល៦មកនេះ រដ្ឋសភាក៏សម្រេចបានការងារសំខាន់ៗដូចជា ៖ បោះឆ្នោតជ្រើសតាំង លោក យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសលោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព។ បោះឆ្នោតជ្រើសតាំងសមាជិក គណៈកម្មការនានានៃរដ្ឋសភា នីតិកាលទី៧។ បោះឆ្នោតទុកចិត្តសមាសភាពប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ចំនួន ៩រូប។
ជាងនេះ អង្គប្រជុំក៏នឹងអនុម័ត សេចក្តីព្រាងច្បាប់សរុបចំនួន៧ច្បាប់៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច , ២-សេចក្តីច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន , ៣-សេចក្តីច្បាប់ស្តីពីការបង្កើត រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល , ៤- សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់ រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ , ៥- សេចក្តីច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ , ៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម និង៧-សេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ៕