ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនមិត្តហ្វូន ក្នុងការរួមចំណែកដល់ ការអភិវឌ្ឍប្រទេសកម្ពុជា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Viettel ក្រោមស្លាកយីហោ មិត្តហ្វូន ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ។

ក្នុងឱកាសខួប១៥ឆ្នាំ នៃវត្តមានរបស់ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនជាមួយ នឹងការបើកសម្ពោធបណ្តាញសេវាមិត្តហ្វូន ក្រោមគំនិត «The Met’s Sonata» នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ Viettel Groupចំពោះប្រទេសកម្ពុជា និងបង្ហាញពីបំណងចង់បន្តអភិវឌ្ឍទំនាក់ទំនងល្អ រវាងរដ្ឋាភិបាលកម្ពុជា និងViettel Group ផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះថ្នាក់ដឹកនាំនៃក្រុមហ៊ុនViettel Group ដែលបានដឹកនាំក្រុមហ៊ុនមិត្តហ្វូន បាននាំមកនូវអត្ថប្រយោជន៍ជាច្រើន រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។ មិត្តហ្វូន បាននាំយកសេវាទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មានទៅកាន់គ្រប់ទីកន្លែង និងបានជួយ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា នាថ្ងៃអនាគត ឯកឧត្តមសង្ឃឹមថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងសមាជិកនៃក្រុមហ៊ុន Viettel Group នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងស៊ីជម្រៅដោយនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ភាគីទាំងពីរ និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាផងដែរ។

ថ្លែងនៅក្នុងពិធីនោះដែរ លោក Tao Duc Thang ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Viettel Group និងមិត្តហ្វូនបានសម្តែងនូវបំណងចង់ បន្តរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាដើម្បីនាំមកនូវសុភមង្គល និងវិបុលភាពដល់កម្ពុជា។ លោកថ្លែងថា «ដោយមានបំណងចង់បន្តរួមចំណែក និងកសាងប្រទេសកម្ពុជា ជួយប្រជាជនកម្ពុជាឱ្យមានជីវភាពកាន់តែប្រសើរឡើង មិត្តហ្វូននឹងចូលរួមយ៉ាងសកម្មក្នុងការ អនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលការសន្យារបស់យើងចាប់ពី១៥ឆ្នាំមុន និងទៅអនាគតនឹងតែងតែមាន។ ដូចជាទស្សនៈវិស័យរបស់យើងតាំងពីដើមគឺ «អ្នកច្នៃប្រឌិត និងយកចិត្តទុកដាក់»។ រាល់ដំណោះស្រាយ រាល់ផលិតផល រាល់សកម្មភាពរបស់មិត្តហ្វូន នឹងខិតខំធានាថាគ្មានប្រជាជនកម្ពុជា ណាដែលមិនទទួលបានប្រព័ន្ធបច្ចេកវិទ្យាឡើយ។

លោកប្រធានក្រុមហ៊ុន បានលើកឡើងទៀតថា ចាប់តាំងពីការបង្កើតឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០០៩ មិត្តហ្វូនបានបន្តយុទ្ធសាស្រ្ត «ហេដ្ឋារចនាសម្ព័ន្ធដំបូង អាជីវកម្មតាមក្រោយ» នាំយកសេវាទូរគមនាគមន៍ទៅកាន់តំបន់ឆ្ងាយបំផុត និងដាច់ស្រយាលបំផុតនៅក្នុងប្រទេសកម្ពុជា។ ការប្រារព្ធពិធីនេះបានបង្ហាញពី ដំណើរការរបស់មិត្តហ្វូនដែលបានរួមចំណែក កសាងសេវាទូរគមនាគមន៍របស់ខ្លួន នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់សេវាទូរស័ព្ទដល់ទៅ ៩៨% នៃចំនួនប្រជាជន។

ក្នុងរយៈពេល ១៥ឆ្នាំមកនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានព្រះរាជគ្រឿង ឥស្សរិយយសមុនីសារាភ័ណ្ឌ មហាសេរីវឌ្ឍន៍ ដល់បុគ្គល និងសមូហភាពដល់ក្រុមហ៊ុន Viettel Group និងមិត្តហ្វូនជាការទទួលស្គាល់អំពីការ រួមចំណែករបស់ពួកគេក្នុងរយៈពេល ១៥ឆ្នាំកន្លងមក។ បន្ទាប់ពីការអភិវឌ្ឍន៍អស់រយៈពេល១៥ឆ្នាំ មិត្តហ្វូនក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់ ការអភិវឌ្ឍប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួន ដោយជាង១ពាន់លានដុល្លារ បានចូលរួមចំណែកក្នុងថវិកាជាតិ និងជាង ១២០ លានដុល្លារអាមេរិក ឧទ្ទិសដល់គំនិតផ្តួចផ្តើមគាំទ្រសហគមន៍ និងសង្គម៕

To Top