ព័ត៌មានជាតិ

ពលករខ្មែរ នៅកូរ៉េខាងត្បូង គាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការម៉ឺងម៉ាត់ របស់សម្តេចនាយករដ្ឋមន្រ្តីលើការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួងស្ថាប័នរដ្ឋ

ភ្នំពេញ៖ពលករខ្មែរដែលកំពុងរស់នៅនិងបម្រើការងារនៅសាធារណរដ្ឋកូរ៉េប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញវិធានការម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស។

លោក សុខា ពិនិត ជាពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េលើកឡើងថា៖«ខ្ញុំបាទមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងនៅពេលដឹងថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានចេញសេចក្តីប្រកាសអំពីការលុបបំបាត់គ្រឿងញៀននៅប្រទេសកម្ពុជាខ្ញុំបាទនិងក្រុមគ្រួសារសូមគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការនេះ»។

ដោយឡែក លោក វេន សាម៉ែន ជាពលករខ្មែរម្នាក់ទៀតដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េក៏បានលើកឡើងដែរថា៖«ខ្ញុំសូមធ្វើការគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់បញ្ជាឱ្យមានការត្រួតពិនិត្យ និងលុបបំបាត់គ្រឿងញៀននៅកម្ពុជា»។

ពលករខ្មែរដែលធ្វើការនៅសាធារណរដ្ឋកូរ៉េបានគូសបញ្ជាក់ថា ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាម ក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិរបស់សម្តេចនាយករដ្ឋមន្រ្តីនេះគឺជាយន្តការមួយសំខាន់ណាស់សម្រាប់កំចាត់គ្រឿងញៀនចេញពីកម្ពុជា និងដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ពលរដ្ឋខ្មែរ និងយុវជនខ្មែរជំនាន់ក្រោយផងដែរ។

គូសបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានចេញបញ្ជាតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រួតពិនិត្យជាប្រចាំចំពោះមន្រ្ដីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន និងមានវិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ករណីរកឃើញថា បានប្រើប្រាស់ និងការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់៕

To Top