ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ស្នើ UNFPA បន្តជួយបណ្តុះបណ្តាលឆ្មបកម្ពុជាទៀត

ភ្នំពេញ ៖ ឆ្លៀតឱកាសអនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត Aleksandar Sasha Bodiroza នាយករងប្រចាំតំបន់អាស៊ីរបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីផែនការអភិវឌ្ឍន៍ Country Program Document (CPD ២០២៤-២០២៨) នាថ្ងៃ២១ កុម្ភៈ លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើអង្គការ UNFPA បន្តជួយបណ្តុះបណ្តាលឆ្មប ទាំងមុននិងកំពុងបម្រើការងារ ការងារកោសល្យវិច្ឆ័យវេជ្ជសាស្ត្រ ពង្រឹងសំណុំសេវាសុខភាពអប្បបរមាដំបូងសម្រាប់សុខភាពបន្តពូជ និងសុខភាពផ្លូវភេទក្នុងគ្រាមានគ្រោះអាសន្ន និងគ្រោះមហន្តរាយ ដើមី្បរួមគ្នាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។

លោករដ្ឋមន្រ្តីថា ការស្នើបន្តបណ្តុះបណ្តាលនេះ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល  អាណត្តិទី៧ក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ជាមួយគ្នានេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានប្រាប់ UNFPA អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច និងសំណូមពរ UNFPA បន្តរក្សា និងពង្រីកគោលដៅ សកម្មភាពការងារដែល UNFPA កំពុងជួយនៅខេត្តទាំង៨ នៃតំបន់ភាគឦសាន ដោយសារខេត្តទាំងនេះមានតម្រូវការសេវាសុខភាពមាតានិងសុខភាពបន្តពូជ និងវ័យជំទង់ និងយុវជន ដោយគិតដល់ការរួមបញ្ជូលសេវាថែទាំសុខភាពបឋមផងដែរ ជាពិសេស ជួយរកទិន្នន័យក្រុមជនងាយរងគ្រោះដែលមិនបានទទួលសេវាសុខភាព ដើមី្បជួយសម្រួលក្នុងការផ្តល់សេវាថែទាំសុខភាពជូនពួកគាត់។

សម្រាប់លោកវេជ្ជបណ្ឌិត  Aleksandar Sasha Bodiroza នាយករងប្រចាំតំបន់ បានថ្លែងអបអរសាទរ និងជូនពរ ចំពោះសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលនីតិកាលទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកវេជ្ជបណ្ឌិតបានជម្រាបសាស្ត្រាចារ្យរដ្ឋមន្ត្រីថា UNFPA បានចាប់ផ្តើមការងារនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការសម្របសម្រួលរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយក្រសួងសុខាភិបាលលើកម្មវិធីសុខភាពបន្តពូជ សុខភាពផ្លូវភេទ ផែនការគ្រួសារ ការងារពាក់ព័ន្ធនឹងហឹង្សាផ្អែកលើយេនឌ័រ ព្រមទាំងបានសហការជាមួយក្រសួងពាក់ព័ន្ធផ្សេងៗរបស់រាជរដ្ឋាភិបាល និងអង្គការជាតិ-អន្តរជាតិ ឈានទៅសម្រេច SDG មុនកាលបរិច្ឆេទកំណត់ ៕

To Top