ភ្នំពេញ៖ ដោយសារអ្នកជំងឺគ្រុនឈាមមានការកើនឡើង គួរឲ្យព្រួយបារម្ភនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកអង្គប្រជុំមួយ មានមន្ទីរសុខាភិបាល និងមន្ទីរពាក់ព័ន្ធ ព្រមអភិបាលខណ្ឌទាំង ១៤ ដើម្បីរិះរកវិធានការធ្វើយ៉ាងណា កាត់បន្ថយឲ្យបាន នូវការរីករាលដាល នៃជំងឺគ្រុនឈាមនេះ ។
នៅក្នុងកិច្ចប្រជុំរៀបចំផែនការ បាញ់ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋានសង្កាត់ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែកុម្ភៈនេះ លោកឃួង ស្រេង លើកការកោតសរសើរ និងការអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះកងពលតូចលេខ៧០ ដែលតែងតែបានជួយ ប្រជាពលរដ្ឋលើវិស័យសុខាភិបាលកន្លងមក។
ក្នុងនោះ លោក ឃួង ស្រេង លើកឡើងថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលឲ្យមន្ត្រីរាជការទាំងអស់ ត្រូវឈឺឆ្អាល ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតាមរយៈការងារកន្លងមក គឺពិតជាបានបង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បន្តថា តាមរយៈរបាយការណ៍ ដែលបានបង្ហាញជំងឺគ្រុនឈាមបានកើត គួរឲ្យព្រួយបារម្មណ៍ ដែលទាមទារឲ្យគ្រប់គ្នា មានវិធានការដោះស្រាយ ពិសេសគឺ អនុវត្តវិធានការបាញ់ថ្នាំមូស នៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ថ្នាំអាបែត សម្លាប់ដង្កូវទឹកជាដើម។
លោកឃួង ស្រេង បានជំរុញ អាជ្ញាធរខណ្ឌទាំង១៤ត្រូវចុះពិនិត្យមើល មូលដ្ឋានរបស់ខ្លួន ពិសេសចំពោះទីតាំងដែលបង្ករលក្ខណៈ ឲ្យមូសអាចរស់នៅបាន ដើម្បីយើងមានវិធានការកម្ចាត់មូស ទាំងនោះចោល។ មន្ទីរសុខាភិបាល ត្រូវតែដើរតួយ៉ាងសំខាន់ ក្នុងការធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅ លើវិស័យសុខាភិបាល ពោលគឺធ្វើយ៉ាងណា កុំឲ្យជំងឺគ្រុនឈាមនេះ កើនឡើងថែមទៀត។
តាមការបញ្ជាក់របស់លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅ៦សប្តាហ៍កន្លងមកនេះ ជំងឺគ្រុនឈាម បានឆ្លងរាលដាលចំនួន១០០០នាក់ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
ជុំវិញបញ្ហានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចាត់ឲ្យអនុវត្តកិច្ចការងារខាងលើ ចាប់ពីថ្ងៃស្អែកនេះទៅ៕
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-22_17-46-43-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-22_17-46-44-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-22_17-46-45-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-22_17-46-47-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-22_17-46-49-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-22_17-46-50-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-22_17-46-51-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-22_17-46-52-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-22_17-46-54-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-22_17-46-55-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)