ព័ត៌មានជាតិ

លោក ហេង សួរ រម្លឹកយុវជនមកពីគ្រួសារក្រីក្រថា សម្តេចតេជោ និងសម្តេចធិបតី ជាអ្នកផ្តល់ឱកាសឱ្យមានជំនាញដើម្បីលើកកម្ពស់ ជីវភាពគ្រួសារ

ភ្នំពេញ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្តាំនិងរម្លឹកទៅកាន់យុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រឱ្យមានជំនាញបច្ចេកទេសដើម្បីមានការងារធ្វើ និងមានមុខរបរយ៉ាងឆាប់រហ័សក្នុងការលើកកម្ពស់ជីវភាពគ្រួសារ។

លោករដ្ឋមន្ត្រី បានថ្លែងរម្លឹកនូវខ្លឹមសារដ៏មានអត្ថន័យដូចនេះ នៅក្នុងកម្មវិធីសំណេះសំណាលជាមួយសិស្សវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ប្រមាណជាង១០០០នាក់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនក្នុងខេត្តកណ្តាល។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ដែលជាអតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសក៍ក្នុងការផ្តើមគំនិតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនេះ ហើយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី គឺឥស្សរជនដែលបានអនុវត្តគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះឱ្យមានភាពបត់បែន និងរស់រវើកដែលធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ រួមទាំងពលរដ្ឋទូទៅបានចូលរៀនវគ្គជំនាញបច្ចេកទេសដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមសម្រាប់ក្រុមគ្រួសារក្រីក្រ ដែលនេះ គឺជាឱកាសដ៏ល្អបំផុតដើម្បីទទួលបានជំនាញជាក់លាក់ និងដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យមានភាពធូរធារ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា បើគ្មានសម្តេចទាំងពីរនោះទេ ក៏យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅគ្មានឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅពេលនេះដែរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីភាពបត់បែននិងទន់ភ្លន់នៃការបណ្តុះបណ្តាលវិជ្ជាជីវៈដែលសម្តេចធិបតី បានណែនាំ និងគិតគូរដើម្បីសម្រួលដល់ការសិក្សារបស់សិក្ខាកាមដែលមានភាពបត់បែនដែលអាចសិក្សាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ការសិក្សាវេនយប់ និងការសិក្សាថ្ងៃសៅរ៍-ថ្ងៃអាទិត្យដែលផ្តល់ភាពងាយស្រួលនិងជម្រើសជាច្រើនដល់សិក្ខាកាមអាចជ្រើសរើសទៅតាមបំណង។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅកាន់សិក្ខាកាមទាំងអស់ឱ្យប្រកាន់នូវបាវចនារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺរៀនឱ្យចប់ ឱ្យចេះ ដើម្បីមានការងារធ្វើ៕

To Top