ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ជួប ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ ដើម្បីពិភាក្សាពីបេសកកម្ម បន្តរបស់មន្ទីរពេទ្យ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបប្រជុំ និងពិភាក្សាការងារជាមួយ លោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មាធិការនាយករបស់មន្ទីរពេទ្យកុមារអង្គរ នៅទីស្តីការក្រសួងសុខាភិបាល កាលពីថ្ងៃ២២ កុម្ភៈ ។

ក្នុងជំនួបនោះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់មន្ទីរពេទ្យកុមារអង្គរ ដែលតែងតែសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ចូលរួមចំណែកក្នុងការផ្តល់ការពិនិត្យ ថែទាំ និងព្យាបាលកុមារកម្ពុជា ជាពិសេសផ្តល់ការ ពិនិត្យ ថែទាំ និងព្យាបាលប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព និងសមធម៌ ជាពិសេសជូនកុមារក្រីក្រកម្ពុជាដោយឥតគិតថ្លៃ។

សម្រាប់លោក ខិនរ៉ូ អ៊ីស៊ុ បានលើកឡើងពីគោលបំណងនៃជំនួបនេះដើមី្បជម្រាបជូនពីបេសកកម្មរបស់មន្ទីរពេទ្យមាន៤ធំៗគឺ៖
១- ផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់
២- ផ្តល់ការបណ្តុះបណ្តាល និងកម្មសិក្សាដល់និសិត្យ
៣- ផ្តល់ការអប់រំសុខភាពជូនប្រជាជននៅតាមសហគមន៍
៤- ជួយរៀបចំ និងបណ្តុះបណ្តាលផ្នែកថែទាំទារកទើបកើតដោយមានបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ។

លោកក៏បានជម្រាបជូនអង្គប្រជុំថា ចាប់តាំងពីបើកដំណើរការរហូតដល់ពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យបានផ្ដល់ការព្យាបាលសរុបប្រមាណ ២,៧ លានករណី។ កុមារប្រមាណ ១០ម៉ឺន ទៅ ១៥ម៉ឺនករណី ក្នុងមួយឆ្នាំៗបានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ សេវាព្យាបាលទាំងនោះរួមមានជំងឺទូទៅ និងទារកឈឺធ្ងន់ សេវាសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់កុមារ សេវាចក្ខុរោគ សេវាពិនិត្យសុខភាពមាត់ធ្មេញ កម្មវិធីអាហាររូបត្ថម្ភ និងការអប់រំសុខភាពបឋម មន្ទីរពិសោធន៍វេជ្ជសាស្ដ្រ និងផ្នែកមីក្រុបសាស្ដ្រ និងការព្យាបាលជំងឺមហារីកបាតភ្នែក មហារីកឈាមជាដើម។ លោក ខិនរ៉ូ អ៊ីស៊ុក៏បានបង្ហាញអារម្មណ៍ចង់ស្នើសុំការណែនាំពីសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីឲ្យមន្ទីរពេទ្យផ្តល់សេវាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដំណើរការដោយនិរន្តរភាព។

ជាកិច្ចឆ្លើយតបសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណមន្ទីរពេទ្យកុមារអង្គរ ជាពិសេសលោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ និងបានផ្តល់ជាអនុសាសន៍គន្លឹះដល់គណៈកម្មាធិការនាយករបស់មន្ទីរពេទ្យក្នុងការដឹកនាំមន្ទីរពេទ្យ ដើមី្បធ្វើយ៉ាងណាឲ្យការដឹកនាំមន្ទីរពេទ្យមាននិរន្តរភាព និងកាន់តែមានការរីកចម្រើនបន្ថែមទៀត។

សាស្ត្រាចារ្យក៏បានបញ្ជាក់ពីគោលជំហរគាំទ្រដំណើរការមន្ទីរពេទ្យកុមារអង្គរ និងបានស្នើភាគីម្ចាស់ជំនួយបន្តគាំទ្រមន្ទីរពេទ្យ ដើមី្បរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ឲ្យឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ៕

To Top