ព័ត៌មានជាតិ

លោក សំ វិច្ឆិកា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍យប់មិញ បង្កឲ្យបុរសម្នាក់ស្លាប់នៅផ្លូវសហព័ន្ធរុស្ស៊ី អ្នកបើកបរ មិនមែនជា ប៉ាហ្វីដូទេ

ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានធ្វើការគូសបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមនុស្សម្នាក់ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃ២៣ កុម្ភៈដែលមានចែកចាយរូបភាព បុរសជាជនជាតិចិនម្នាក់ល្បីឈ្មោះ ខាងធ្វើម្ហូបនៅតាមបណ្តាញសង្គម ឈ្មោះ ប៉ាហ្វីដូ (PaFiDo) ថាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍នោះ ការពិតមិនមែនបុគ្គលនេះជាអ្នកបើកបរនោះទេ ប៉ុន្តែគឺជាមិត្តភិក្តរបស់គាត់ឈ្មោះ ហ្វុ ស៊ុងហ័រជាជនជាតិដូចគ្នា ក្នុងគ្រាពួកគេទាំង២នាក់ បានជិះក្នុងរថយន្តជាមួយគ្នា ។

លោក សំ វិច្ឆិកា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនារសៀលថ្ងៃ២៣ កុម្ភៈថា រថយន្ដបង្កហេតុគឺស៊េរីទំនើបម៉ាក់ Lamborghini ពាក់ស្លាក លេខកម្ពុជា F.R.999 បានបើកបុកម៉ូតូ HONDA Dream ពាក់ស្លាកលេខសៀមរាប 1V-9127 បណ្ដាលឲ្យបុរសម្នាក់បោកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ក្នុងពេលម្ចាស់រថយន្តបង្កហេតុ និងបុរសស្លាប់គឺបានធ្វើដំណើរស្របទិសដៅ ។ ក្រោយបើកបុកមនុស្សស្លាប់ហើយបុរសឈ្មោះ ហ្វុ ស៊ុងហ័រ និង ប៉ាហ្វីដូ ក៏បានបើករថយន្តរត់គេចខ្លួនដល់ផ្លូវឌួងងៀប ហើយទុករថយន្ដចោល ក៏ឡើងទៅជិះរថយន្ដ BMW ពាក់ស្លាកលេខកម្ពុជា Mr.TOMI មួយគ្រឿងទៀតដើម្បីរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់បញ្ជូន ទៅអធិកាខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសួរនាំ និងបន្តតាមនីតិវិធីច្បាប់ ។

លោកថា បន្ទាប់ពីឃាត់ខ្លួន ក៏បានយកឧបករណ៍ពិនិត្យ វាស់រកជាតិអាល់កុល គឺមានកម្រិតខ្ពស់ដល់ ០,៨៦ ដែលមានជាតិស្រវឹងនៅក្នុងខ្លួនច្រើន។

ដូច្នេះលោកសង្កត់ធ្ងន់ថា “ករណីនេះ មិនមែនឈ្មោះ ប៉ាហ្វីដូជាអ្នកបើកបរទេ គឺឈ្មោះហ្វុ ស៊ុងហ័រ គឺជាជនជាតិចិន”៕

To Top