ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍បើករត់! ចាប់មនុស្សបានហើយ នៅឡើយម្ចាស់រថយន្ដស្លាកលេខ ខម ជាអ្នកណា?

ភ្នំពេញ៖ អ្នកនិយមតាមដានបណ្ដាញសង្គម មួយចំនួនធំបានដឹងហើយ នូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលឈានទៅដល់ មានការប៉ះទង្គិចពាក្យសម្ដីគ្នា រវាងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ជាមួយបុរសជាជនជាតិចិន បើកឡាន LEXUS GS300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 2-4572 ។ ករណីនេះ កើតឡើង កាលពីថ្ងៃ២២ កុម្ភៈ ហើយអ្នកបើកបរ ជាជនជាតិចិននោះ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី២៣ កុម្ភៈ ។ នេះបើតាមហ្វេសប៊ុករបស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ។

ទោះបីជាចាប់បាន បុរសជនជាតិនេះយ៉ាងណាក៏ដោយ ប៉ុន្តែអ្វីជាចម្ងល់នោះ ត្រង់ថា តើម្ចាស់LEXUS GS300 ពណ៌ខ្មៅ ពាក់ផ្លាកលេខខេមរភូមិន្ទ 02 2-4572 ជាអ្នកណា បានជាបណ្ដោយឲ្យជនបរទេសរូបនេះ មានសិទ្ធិបើកបរយ៉ាងអនាធិបតេយ្យ បែបនេះ។

សូមរំលឹកថា នៅថ្ងៃទី២២ ខែកុម្ភៈ លើផ្លូវមិត្តភាពត្រង់ចំណុចជិតភ្នំ៩៦ ស្ថិតក្នុង ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត១គ្រឿង ម៉ាក LEXUS GS300 ពណ៌ខ្មៅ ពាក់ផ្លាកលេខខេមរភូមិន្ទ 02 2-4572 បើកបរដោយឈ្មោះ FANG LAJIAN ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានទិសដៅពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ បើកៗក៏បានឈប់ដោយមិនបានផ្តល់សញ្ញា ក៏ត្រូវបានរថយន្ត១គ្រឿងម៉ាក HYUNDAI STAREX ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 2B-0276 បើកបរដោយឈ្មោះ អ៊ន់ ប៉ូលីន ភេទប្រុស អាយុ ៤៣ឆ្នាំ​មុខរបរបើកបររថយន្ត បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បើកបរក្នុងទិសដៅស្របគ្នាបានបុកពីខាងក្រោយ ។

ករណីនេះ បានបណ្តាលឲ្យរថយន្ត២គ្រឿង ខូចខាតស្រាល និងមិនបណ្តាលឲ្យរងរបួសដល់មនុស្សឡើយ ។

ក្រោយពេលកើតហេតុ រថយន្តទាំងពីរបានបើកមកឈប់ក្បែរចិញ្ចើមផ្លូវ និងបានចរចារគ្នា ដោយមិនមានការព្រមព្រៀងស្រាប់តែអ្នកបើកបររថយន្តម៉ាក LEXUS GS300 បានបើករថយន្តចាកចេញពីកន្លែងកើតហេតុ ។

បន្ទាប់មកសមត្ថកិច្ចបានស្រាវជ្រាវរកឃើញរថយន្តខាងលើ យកមកចតទុកចោលនៅក្នុងរបងសាលាខេត្តចាស់ ។ រីឯវត្ថុតាងរថយន្តទាំង២គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកំពុងបន្តស្វែករកអ្នកបើកបរខាងលើមកដោះស្រាយតាមនីតិវិធី ៕

To Top