ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រាប់ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា អំពីគម្រោងគោះទ្វារ ដើម្បីទាក់ទាញវិនិយោគសហរដ្ឋអាមេរិកមកកម្ពុជា លើក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការស្រាប់នៅកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-23_15-30-57-1024x682.jpg)
លោក ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតឲ្យលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-23_15-30-54-1024x682.jpg)
ក្នុងឱកាស នៃជំនួបសម្ដែងការគួរសមពី សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូន អំពីទស្សនវិស័យរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើការលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យា ដោយមានការធ្វើទំនើបកម្មប្រព័ន្ធ ចុះបញ្ជីគម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ក្នុងគោលដៅសម្រួលដល់វិនិយោគិន ក្នុងការស្នើសុំគម្រោងវិនិយោគ តាមរយៈប្រព័ន្ធអនឡាញឲ្យបានកាន់តែប្រសើរ។
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-23_15-31-02-1024x682.jpg)
ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនជា ព័ត៌មានដល់គណៈប្រតិភូ អំពីគម្រោងគោះទ្វារវិនិយោគរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាអាចឲ្យកម្ពុជា ទាក់ទាញបន្ថែមទៀត វិនិយោគិនរបស់សហរដ្ឋអាមេរិក ចូលមកវិនិយោគបន្ថែម លើក្រុមហ៊ុនដែលកំពុងមាន ប្រតិបត្តិការស្រាប់នៅកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-23_15-30-59-1024x682.jpg)
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ មានសមាជិកប្រមាណ ២៤០ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនពីសហរដ្ឋអាមេរិក និងកម្ពុជាជាសមាជិកផងដែរ ដើម្បីលើកកម្ពស់កាលានុវត្តភាពពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរ៕
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-23_15-31-00-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-23_15-31-05-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)