ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ ឆ្នាំសិក្សាថ្មីនេះ និងឆ្នាំសិក្សាបន្ត យើងត្រូវដោះស្រាយចំពោះមុខ គឺការលើកកម្ពស់គុណភាពអប់រំ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ឆ្នាំសិក្សាថ្មីនេះ និងឆ្នាំសិក្សាបន្តទៅមុខទៀតបញ្ហាដែលយើងត្រូវដោះស្រាយចំពោះមុខ គឺការលើកកម្ពស់គុណភាពអប់រំឱ្យមានតុល្យភាពសមស្រប ទៅនឹងការពង្រីកបរិមាណអប់រំ ដែលប្រការនេះ គឺជាគោលដៅពីរនៃសកម្មភាពមួយ ដែលមិនអាចផ្តាច់ចេញពីគ្នាបាន។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះនារសៀលថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២៤ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅការងារឆ្នាំសិក្សា ២០២៣-២០២៤ ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា បើចង់លើកកម្ពស់គុណភាពអប់រំគឺត្រូវកែលម្អល័ក្ខខ័ណ្ឌចាំបាច់នានា នៃសកម្មភាពបង្រៀន និងរៀន ។ បើចង់ពង្រីកបរិមាណអប់រំ គឺត្រូវកសាងសាលារៀនបន្ថែម បណ្តុះបណ្តាលគ្រូបង្រៀនបន្ថែម និងបន្ថែមសម្ភារសិក្សា ពីព្រោះ ចំនួនកុមារដល់វ័យសិក្សាកាន់តែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ចំណែកឯតម្រូវការរបស់ទីផ្សារ ក៏ដូច
ជាសង្គមជាតិ គឺសុទ្ធតែទាមទាររកធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាពផងដែរ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត លោក សូមឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការប្រមូលកុមារគ្រប់អាយុឱ្យចូលរៀនបានច្រើន ប្រកបដោយសមធម៌ ទោះបីជាពួកគេស្ថិតនៅទីកន្លែងណា រស់នៅក្នុងស្ថានភាពបែបណាក៏ដោយ ជាពិសេសនៅតំបន់ជួបការលំបាក និងតំបន់ដាច់ស្រយាល ដោយអនុវត្តតាមទិសស្លោក ” សាលារៀនគឺ
ត្រូវស្វែងរកកុមារ” ត្រូវតែខិតខំកសាងសាលារៀន ហើយបង្កើតបរិសា្ថនសាលារៀន ដល់សិស្សានុសិស្ស ឱ្យប្រកបដោយផាសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ពោលគឺប្រែក្លាយសាលារៀនជាសាលាកុមារមេតី ដើម្បីឱ្យពួកគេទទួលបានចំណេះដឹង ចំណេះធ្វើ សមត្ថភាពជំនាញខ្ពស់ មានសីលធម៌រស់នៅល្អ ចេះរួមរស់នៅជាមួយគា្នដោយសេចក្តីសុខក្នុងគ្រួសារ និងសង្គមជាតិ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ លោកគូ អ្នកគ្រូ អ្នកពាក់ព័ន្ធជាមួយនឹងការងារអប់រំទាំងអស់ សូមធ្វើការផ្សព្វផ្សាយរាល់សារាចរ សេចក្តីណែនាំ ផ្សេងៗ ពិសេសគឺការងារទាក់ទងនឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព”ក្រុមទំនើង ការអនុវត្តបទបញ្ញត្តិ នៃច្បាប់ចរាចរផ្លូវគោកថ្មី ការជួញដូរកុមារ និងការប្រើប្រាស់គ្រឿងញៀន ការលុបបំបាត់ពលកម្មកុមារទម្រង់ធ្ងន់ធ្ងរបំផុត ការគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន ឱ្យបានទូលំទូលាយ និងយល់ជ្រួតជ្រាបដល់សិស្សានុសិស្សទាំងអស់ ដើម្បីឱ្យពួកគេមានទុន មានគ្រឹះក្នុងការកសាង និងអភិវឌ្ឍខ្លួនឱ្យក្លាយទៅជា “កូនល្អ សិស្សល្អ មិត្តល្អ” នៅថ្ងៃអនាគត ៕

To Top