ព័ត៌មានជាតិ

ក្រសួង ក្រើនរំលឹកក្រុមហ៊ុនកូរ៉េ ពន្លឿនការសាងសង់ ផ្លូវជាតិលេខ៤៨ ឱ្យសម្រេចបានតាមផែនការ គ្រោងទុក

ភ្នំពេញ៖ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកដល់ក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture ឱ្យពន្លឿនការសាងសង់ ផ្លូវជាតិលេខ៤៨ ឱ្យសម្រេចបានតាមផែនការ ដែលបានគ្រោងទុក។ ផ្លូវជាតិលេខ៤៨ មានប្រវែង១៤៨គីឡូម៉ែត្រ ដែលដេញថ្លៃសាងសង់បាន ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេស ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ។

ការក្រើនរំលឹកនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យរួមគ្នាលើកទី០៤ ស្ដីពី វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធផងដែរ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។

កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យមើលវឌ្ឍនភាពសាងសង់ ស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង តាមរយៈការជំរុញផែនការ​ អនុវត្តការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ និងកម្លាំងពលកម្ម សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់ នៅក្នុងរដូវប្រាំងនេះ ឱ្យសម្រេចបានតាមគម្រោងផែនការដែលបានកំណត់។

លោក សូរ វ៉ិចទ័រ បានក្រើនរំលឹកដល់ក្រុមហ៊ុនសាងសង់ ឱ្យយកចិត្តទុកដាក់ខ្ពស់ លើបទដ្ឋានបច្ចេកទេស មិនមានភាពចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះ មានគុណភាព អាចប្រើប្រាស់បានយូរអង្វែង និងត្រូវយកចិត្តទុកដាក់ផងដែរ លើបញ្ហាសុវត្ថិភាពចរាចរណ៍តាមការដ្ឋានសាងសង់ ដោយធ្វើការបំពាក់គ្រឿង បរិក្ខាសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ និងបានជំរុញឱ្យក្រុមហ៊ុនសាងសង់កំណាត់ផ្លូវនេះ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកឱ្យបានជាដាច់ខាត ជាពិសេសត្រូវអនុលោមតាម លក្ខខណ្ឌអាទិភាពចំនួនពីរគឺ៖ សំណង់ផ្លូវមានគុណភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង និងការបញ្ចប់គម្រោងតាមផែនការ ដែលបានកំណត់។

សូមជម្រាបថា គម្រោងលើកកម្រិតគុណភាពផ្លូវលេខ៤៨ គិតមកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះសម្រេចវឌ្ឍនភាពការងារ សាងសង់បាន ៤២,៧១% គ្រោងបញ្ចប់វឌ្ឍនភាពសាងសង់ នៅខែមេសា ឆ្នាំ២០២៥៕

To Top