ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំខែកុម្ភៈ និងលើកទិសដៅការងារ សម្រាប់ខែបន្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទនៅទីស្ដីការក្រសួងដោយមានការចូលរួមដោយផ្ទាល់ពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីរាជការ។ រីឯ មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។
![](https://dap-news.com/wp-content/uploads/2024/02/IMG_20240226_144710_236-1024x683.jpg)
ជាកិច្ចចាប់ផ្តើម លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់នាឱកាសនោះ។
![](https://dap-news.com/wp-content/uploads/2024/02/IMG_20240226_142945_325-1024x683.jpg)
បន្ទាប់មកលោករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរបៀបវារៈម្តង មួយចំនុចៗ ដោយមានការអញ្ជើញធ្វើសេចក្តីរាយការណ៍ពីសំណាក់ លោករដ្ឋលេខាធិការទទួលបន្ទុកតាមកម្មវិធី អគ្គនាយក និងនាយកដ្ឋានជំនាញផងដែរ។
![](https://dap-news.com/wp-content/uploads/2024/02/IMG_20240226_142825_080-1024x683.jpg)
ជាកិច្ចបន្ទាប់ លោករដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍បន្ថែមដូចខាងក្រោម៖
1/ សូមថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋាន និងមន្ទីរក្រោមឱវាទ យកចិត្តទុកដាក់ពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យសមិទ្ធផលដែលសម្រេចបាន និងលើកទិសដៅបន្ត ព្រមទាំងជួយបំពេញនូវធាតុចូលបន្ថែម ដើម្បីរៀបចំរបាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅបន្តឱ្យបានគ្រប់ជ្រុងជ្រោយ
2/ នាយកដ្ឋានជំនាញត្រូវពិនិត្យលើលទ្ធផលនៃការវាយតម្លៃសាកល្បងភូមិគំរូដែលបានចុះត្រួតពិនិត្យរួច និងត្រូវបន្ដចុះធ្វើការវាយតម្លៃភូមិគំរូដទៃទៀត តាមផែនការយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ
3/ ត្រូវបន្ដអនុវត្តផែនការមេផ្លូវជនបទ និងត្រូវសិក្សាជាគម្រោងលម្អិតបន្ថែមទៀត ទៅតាមស្ថានភាពជាក់ស្ដែង
4/ បន្ដធ្វើកំណែទម្រង់នីតិវិធីសំហូរឯកសាររដ្ឋបាល និងទម្រង់របាយការណ៍រួម ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ ត្រៀមឈានទៅអនុវត្តរដ្ឋាភិបាលឌីជីថល នៅក្នុងឆ្នាំ២០២៤នេះ
5/ ត្រូវបន្តអនុវត្តនូវបទបញ្ជាផ្ទៃក្នុង របស់ក្រសួងដែលបានដាក់ចេញ ដោយពង្រឹងវត្តមានមន្ដ្រី និងគុណភាពការងារ តាមរយៈការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យតាមអេឡិចត្រូនិក ឱ្យឆ្លើយតបទៅនឹងកំណែទម្រង់របស់រាជរដ្ឋាភិបាល
6/ ត្រូវគាំទ្រ និងចូលរួមអនុវត្តវិធានការម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ
7/ ការជ្រើសរើស និងការចាត់តាំងមន្ដ្រី ត្រូវផ្អែកលើគុណាធិបតេយ្យ កម្រិតចំណេះដឹង ជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងអង្គភាព
8/ ត្រូវបន្ដចូលរួមផ្សព្វផ្សាយ សមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយ ក្នុងខណៈដែលប្រទេសជាតិទាំងមូលកំពុងមានសន្ទុះអភិវឌ្ឍន៍ក្រោមម្លប់សន្ដិភាពពេញបរិបូរណ៍
9/ ត្រូវត្រៀមរៀបចំចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅបន្តឆ្នាំ ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ៕
![](https://dap-news.com/wp-content/uploads/2024/02/IMG_20240226_144730_359-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/02/IMG_20240226_142846_388-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)