ព័ត៌មានជាតិ

សម្ដេចធិបតី លើកទឹកចិត្តគ្រូបង្វឹក កីឡាករ កីឡាការិនី ខិតខំហ្វឹកហាត់កីឡា តាមជំនាញរបស់ខ្លួន

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកទឹកចិត្តគ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ខិតខំហ្វឹកហាត់កីឡា តាមជំនាញរបស់ខ្លួន ជាប្រចាំឱ្យជាប់មិនដាច់ពីព្រោះ ការកសាងសមត្ថភាពកីឡា ត្រូវការរយៈពេលយូរ និងត្រូវត្រៀមខ្លួនរួចជាស្រេចជាមុន។

នាឱកាសអញ្ជើញជាអធិបតី ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡា ជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និង ការប្រកួតជ្រើសរើសជើង ឯកសាកលវិទ្យាល័យ អាស៊ាន នារសៀលថ្ងៃទី២៦ កុម្ភៈ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងអប់រំ យុវជន និងកីឡា ដោយសហការជាមួយ សហព័ន្ធកីឡាជាតិ ត្រូវរៀបចំ យន្តការគាំទ្រ បណ្តុះបណ្តាល និង លើកទឹកចិត្តដល់កីឡាករ និង កីឡាការិនី នៅគ្រប់កម្រិត ដើម្បីពង្រឹងសមត្ថភាព ក្នុងការប្រកួតប្រជែង ឱ្យកាន់តែមានគុណភាពខ្ពស់ សម្រាប់លើកស្ទួយ កីឡាជាតិ ទៅក្នុងតំបន់ និង សកលលោក ។

សម្ដេចធិបតី បន្ដថា ក្រសួងអប់រំ យុវជន និងកីឡា និង សហព័ន្ធកីឡាជាតិ ត្រូវបង្កើនការយកចិត្តទុក ដាក់សម្រិតសម្រាំង និង បណ្តុះបណ្តាលធនធានយុវជន ដែលមានទេពកោសល្យក្នុងផ្នែកកីឡា ដើម្បីលើកកម្ពស់គុណភាព និង សមត្ថភាពកីឡា សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ និង អន្តរជាតិ នាពេលអនាគត ។

សម្ដេច មានប្រសាសន៍ថា «ខ្ញុំសូមលើកទឹកចិត្តឱ្យ គ្រូបង្វឹក បងប្អូនកីឡាករ កីឡាការិនីទាំងអស់ ខិតខំហ្វឹក ហាត់កីឡាតាមជំនាញ របស់ខ្លួនជាប្រចាំឱ្យជាប់មិនដាច់​ ពីព្រោះ ការកសាងសមត្ថភាពកីឡា ត្រូវការរយៈពេលយូរ និង ត្រូវត្រៀមខ្លួនរួចជាស្រេចជាមុន ក្នុងការចូលរួមការប្រកួតប្រជែងនានា, ទាំងកម្រិតជាតិ, តំបន់ និង សកល»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ត្រូវបង្កើនកិច្ចសហការ ទាំងបច្ចេកទេស និង បទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី, គណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសសមាជិក, ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍, ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ាន ប៉ារ៉ា និង ស្ថាប័នកីឡាអន្តរជាតិ ក្នុងការបណ្តុះបណ្តាល និង ការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា ដល់កីឡាករ និង កីឡាការិនីកម្ពុជា ឱ្យបានដល់កម្រិតខ្ពស់ ដែលអាចធ្វើទៅបាន ដើម្បីឱ្យកីឡាករ និង កីឡាការិនីកម្ពុជា អាចចូលរួមកាន់តែទូលំទូលាយ ប្រកបដោយសមត្ថភាពកាន់តែប្រសើរ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានា នៅថ្ងៃអនាគត៕

To Top