ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុម ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញ ដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនកម្ពុជា ដែលបានយាងចូលទិវង្គត វេលាម៉ោង១៧និង៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ ។

សម្ដេចតេជោ ហ៊ុន សែន ពិតជាមាន សេចក្តីក្រៀមក្រំ ក្ដុលក្តួល ជាអនេក ចំពោះការយាងចូលទិវង្គត របស់សម្ដេច ព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលព្រះអង្គបានបូជាព្រះកាយ ក្នុងមួយព្រះជន្ម របស់ព្រះអង្គឧទ្ទិស ដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទ ចូលរួមគោរពប្រតិបត្តិ តាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុក នូវស្នាព្រហស្ថជាច្រើន ទាំងពុទ្ធចក្រ និងអាណាចក្រ ៕




