ព័ត៌មានជាតិ

មិនទាន់ចប់ទេ! ករណីចាក់ថ្ម ចូលទន្លេនៅខេត្តកំពង់ចាម រដ្ឋបាលខេត្តដាក់ពាក្យបណ្តឹង ដល់តុលាការហើយ

ភ្នំពេញ៖ ករណីលោកឧកញ៉ា ទន់ ឆៃអ៊ាងចាក់ថ្មចូលទន្លេ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល ទូទាំងប្រទេសនោះ នៅមិនទាន់បានស្ងប់ស្ងាត់នោះទេ ទោះបីមានការបកស្រាយ និងប្ដេជ្ញាកាយចេញឡើងវិញ យ៉ាងណាក្ដី។ ជាក់ស្ដែងបើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា រដ្ឋបាលខេត្ត បានដាក់ពាក្យបណ្តឹងដល់ស្ថាប័នអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម ហើយស្ថាប័នអយ្យការ កំពុងចាត់ការបន្តទៅតាមនីតិវិធីច្បាប់។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពនៃការកកាយថ្មចេញពីផ្ទៃទន្ល នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានឱ្យដឹងថា៖ ករណីចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលរដ្ឋបាលខេត្ត បានកំណត់ឲ្យភាគីម្ចាស់ដី ធ្វើការកកាយថ្មចេញពីផ្ទៃទន្លេវិញជាបន្ទាន់នោះ គិតមកត្រឹមព្រឹកថ្ងៃទី ២​ មីនា​ ២០២៤ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការដឹកនាំចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ ឃើញថាការអនុវត្តវិធានការរដ្ឋបាលនេះ មានលទ្ធផលដូចខាងក្រោម ៖

១/ ភាគីម្ចាស់ដី បានដំណើរការកកាយថ្មចេញពីផ្ទៃទន្លេ ចាប់ពីថ្ងៃទី ២៥-កុម្ភៈ-២០២៤ ដោយសកម្មភាព កកាយថ្មចេញវិញនេះ គឺធ្វើឡើងទាំងយប់ទាំងថ្ងៃ។ ថ្មដែលត្រូវបានកកាយចេញទាំងអស់ ត្រូវបាន ដឹកចេញទៅទុកដាក់នៅដីឯកជន នៅទីតាំងផ្សេងទៀត។
២/ តាមការវាយតម្លៃជាបឋម ការកកាយថ្មចេញវិញនេះ គឺសម្រេចបានប្រមាណ ៧០% ពោលគឺផ្នែក ខាងលើត្រូវបានប្រមូលចេញអស់ហើយ និងបន្តកកាយយកផ្នែកខាងក្រោមទឹកបន្តទៀត។ តាមការ ប្តេជ្ញាចិត្តរបស់ម្ចាស់ដី នឹងខិតខំកកាយថ្មពីផ្នែកខាងក្រោមទឹក ឲ្យរួចជាស្ថាពរ ក្នុងរយៈពេលត្រឹម ១០ថ្ងៃទៀត។
៣/ សកម្មភាពនៃការកកាយថ្មនេះ ត្រូវបានភាគីម្ចាស់ដី រាយការណ៍ជូនអាជ្ញាធរជាប់ជាប្រចាំ។

រដ្ឋបាលខេត្ត នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ នូវការអនុវត្តវិធានការរដ្ឋបាលនេះ ដោយមាន លោក ស្រី សុភ័ក្ត្រ​ អភិបាលរងខេត្ត ដឹកនាំក្រុមការងារ ដែលមានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បន្តត្រួតពិនិត្យ តាមដាន វាយតម្លៃ នូវការអនុវត្តវិធានការរដ្ឋបាលនេះរហូតដល់ចប់ជាស្ថាពរ។

រដ្ឋបាលខេត្តបញ្ជាក់ថា «ចំពោះវិធានការផ្លូវច្បាប់ គឺរដ្ឋបាលខេត្តកំពង់ចាម បានដាក់ពាក្យបណ្តឹង ដល់ស្ថាប័នអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម ហើយស្ថាប័នអយ្យការ កំពុងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ផងដែរ»៕

To Top