ព័ត៌មានជាតិ

អាជ្ញាធរ បន្តយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ក្នុងរយៈពេល៩ថ្ងៃ បានចំនួន១០ខណ្ឌ នៅភ្នំពេញ

ភ្នំពេញ៖ ក្រុមការងារមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០ បានបន្តសកម្មភាព យុទ្ធនាការបាញ់ថ្នាំមូសជាប្រចាំ ដោយគិតត្រឹមថ្ងែទី២ ខែមីនា ឆ្នាំ២០២៤ បានអនុវត្តនៅតាមខណ្ឌចំនួន១០ ដោយក្នុងចំណោម១០ខណ្ឌនេះ ខណ្ឌដែលបានបាញ់ថ្នាំរួចរាល់ មានចំនួន៥ខណ្ឌ ។

សូមរំលឹកថា អនុវត្តតាមការចង្អុលបង្ហាញ ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើការយកចិត្តទុកដាក់សុខមាលភាព ប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាល ជំងឺគ្រុនឈាម មានការកើនឡើង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កន្លងមកនេះ បានដឹកនាំប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានជាបន្ទាន់ ដោយចាត់ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានអោយដឹងថា ក្រុមការងារ ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០ បានធ្វើសកម្មភាពបាញ់ថ្នាំមូសជាប្រចាំ ដោយនៅថ្ងែទី០២ ខែមីនា ឆ្នាំ២០២៤ ម្សិលនេះ ក្រុមការងារ បានបាញ់ថ្នាំសម្លាប់មូស នៅខណ្ឌទួលគោក ក្នុងសង្កាត់ចំនួន ៥ គឺសង្កាត់ទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី៣ សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដើមគរ និងសង្កាត់ផ្សារដេប៉ូទី១។

លោកបន្តថា ក្រុមការងារ បានបើកយុទ្ធនាការបាញ់សម្លាប់មូសខ្លា បានរយៈពេល០៩ថ្ងៃហើយ ដោយចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី២៣កុម្ភៈឆ្នាំ២០២៤ ជាលទ្ធផលគិតត្រឹមថ្ងៃ០២ មិនា២០២៤នេះ យើងបាននិងកំពុងអនុវត្តការងារ នៅក្នុងភូមិសាស្ត្រខណ្ឌចំនួន១០ ដោយអនុវត្តបាន៥៨សង្កាត់ ហើយក្នុងចំនួន១០ខណ្ឌនេះ ខណ្ឌដែលបានបាញ់ថ្នាំរួចរាល់ មានចំនួន៥ខណ្ឌ ដែលមានដូចជាខណ្ឌពោសែនជ័យ ខណ្ឌដង្កោ ខណ្ឌសែន សុខ ខណ្ឌមានជ័យនិងខណ្ឌទួលគោក។

ប្រធានមន្ទីររូបនេះ បន្តទៀតថា ក្រុមការងារនឹងបន្តទៅខណ្ឌផ្សេងទៀត រហូតបញ្ចប់ទាំង១៤ខណ្ឌនិង១០៥សង្កាត់ ហើយក្រោយបញ្ចប់កិច្ចការងារ ទាំង១៤ខណ្ឌហើយ មន្ទីរសុខាភិបាល នឹងបន្តការបាញ់ថ្នាំ សម្លាប់មូសនៅតាមប្រឡាយ លូ នានា នៅក្នុងរាជធានីភ្នំពេញបន្តទៀត សំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យបាននូវជំងឺគ្រុនឈាម៕

To Top