ភ្នំពេញ៖ លោក វង្សី វិស្សុត ប្រធានគណៈកម្មការរៀបចំ ព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួម ព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន គម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយ ចំពោះព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ។
ក្នុងឱកាសនេះផងដែរ លោក វង្សី វិស្សុត ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញថ្វាយគ្រឿងសក្ការបូជា និងធ្វើកិច្ចនមស្ការ សមាទានសីល វេរភត្តាហារថ្វាយ ប្រគេនសម្ដេចព្រះរាជាគណៈចំនួន១២ព្រះអង្គ។
បន្ទាប់មក លោក វង្សី វិស្សុត បានអញ្ជើញរាប់បាត្រថ្វាយ ប្រគេនសម្ដេចព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃចំនួន៤០០អង្គ និមន្តគោចរបិណ្ឌបាត្រ ដើម្បីថ្វាយព្រះរាជកុសល ចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។សូមឧទ្ទិសថ្វាយនូវព្រះមហាកុសល ដែលកើតចេញពីទឹកសទ្ធាជ្រះថ្លា របស់សម្ដេចព្រះរាជាគណៈគ្រប់ព្រះអង្គ និងរបស់លោក លោកស្រី ជាពុទ្ធបរិស័ទទាំងអស់ ថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងសោយសុខ ក្នុងឋានព្រះបរមសុខជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
សូមរលឹកផងដែរថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០នាទី នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងព្រះជន្ម៩៣ ព្រះវស្សា ដោយព្រះជរាពាធ៕






Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
