ព័ត៌មានជាតិ

សម្តេចធិបតី៖ ពលរដ្ឋខ្មែរ នៅក្រៅប្រទេសបានយល់ និងឱ្យតម្លៃសន្ដិភាព នៅកម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ បានចេញសារគាំទ្រចំណាត់ការ ដើម្បីរក្សាសុខសន្តិភាព និងធ្វើឱ្យពិភពលោក បានដឹងយ៉ាងច្បាស់ថា «ខ្មែរនៅទីណាក៏ដោយ ក៏នាំគ្នាយល់ពីតម្លៃសន្ដិភាព»។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការចូលរួម និងបញ្ចេញមតិរបស់ពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ យ៉ាងច្រើនកុះករ គឺបានបង្ហាញពីកត្តាសុខសន្ដិភាព សិទ្ធិសេរីភាពរបស់កម្ពុជា។

សម្ដេចធិបតី មានប្រសាសន៍ថា «នយោបាយ ឈ្នះ-ឈ្នះ គឺដើម្បីយើងអភិវឌ្ឍន៍ គឺសម្ដេចតេជោ និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជន ហើយដឹកនាំរាជរដ្ឋាភិបាលជាង ៤០ឆ្នាំជាងនេះ ដែលយើងអាចបញ្ចប់សង្គ្រាមបាន។ អញ្ចឹង អ៊ុំ ពូ មីង ទៅសម្ដែងមតិគាំទ្រសន្ដិភាពនេះ គឺសំខាន់ណាស់ ជាសារមួយដ៏មានសារៈសំខាន់ អត់មានសន្ដិភាព គឺអត់មានអ្វីទាំងអស់»។

សម្ដេចធិបតី បន្ដថា «អញ្ចឹងការបញ្ចេញសារគាំទ្រនូវការអភិវឌ្ឍន៍ប្រទេសសុខសន្ដិភាព គឺជាសារសំខាន់ ខ្ញុំ សូមអរគុណណាស់ ចំពោះការបញ្ចេញសារនេះ ឱ្យពិភពលោកបានដឹងថា ខ្មែរនៅទីណាក៏ដោយ ក៏នាំគ្នាយល់ពីតម្លៃសន្ដិភាព និងឱ្យតម្លៃសន្ដិភាព នៅក្នុងប្រទេសកណើតរបស់ខ្លួន»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ក្រុមប្រឆាំងបានធ្វើសកម្មភាពច្រើនណាស់ ញុះញង់ពលរដ្ឋធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល តែពលរដ្ឋដឹងច្បាស់ពីតម្លៃសន្តិភាព ស្ថេរភាពសង្គម ហើយមិនធ្វើតាមការញុះញង់របស់ខ្លួនឡើយ។

ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានកោតសរសើរដល់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ បានមកគាំទ្រស្វាគមន៍សម្ដេចនិងគណៈប្រតិភូប្រកបដោយភាពចាស់ទុំ នៃការយល់ដឹងនៃសិទ្ធិសេរីភាព មិនប្រើប្រាស់សកម្មភាព ឬពាក្យសម្ដីណាមួយ ដែលមិនសមរម្យឡើយ៕

To Top