ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ទោះបីអត់ដាំកញ្ឆាក៏ប្រទេសកម្ពុជា មិនក្រដែរ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ទោះបីអត់ដាំកញ្ឆា ក៏ប្រទេសកម្ពុជា មិនក្រដែរ ព្រោះកម្ពុជានឹងត្រូវពង្រីកការដាំដុះផលិតផលកសិកម្មវិញ ដូចជា៖ ស្វាយ ចេក ជាដើម សម្រាប់នាំចេញទៅក្រៅប្រទេស។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឡើងវិញថា ដរាបណា សម្ដេចធ្វើជានាយករដ្ឋមន្រ្ដី គឺមិនអនុញ្ញាតឱ្យដាំកញ្ឆានៅកម្ពុជាជាដាច់ខាត។
សម្ដេច បញ្ជាក់ថា មានបណ្ដាប្រទេសមួយចំនួនអនុញ្ញាតឱ្យដាំកញ្ឆាសម្រាប់បម្រើឱ្យវិស័យសុខាភិបាល ប៉ុន្ដែនៅកម្ពុជា គឺមិនអនុញ្ញាតឱ្យដាំឡើយ។

សម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា«ជាផ្នែកមួយនៃយុទ្ធសាស្ដ្រគោលនយោបាយប្រឆាំងការប្រើប្រាស់គ្រឿងញៀននេះ គឺកញ្ឆាក៏មិនឱ្យដាំដែរ។ ហើយបើចង់បានថ្នាំ ទៅទិញស្រាប់ នៅប្រទេសកាណាដាទៅ យើងមិនបាច់ធ្វើ មិនបាច់ដាំទេ ដាំអីផ្សេងទៅ ហើយបើអត់ដាំកញ្ឆា កម្ពុជា ក៏មិនក្រដែរ។ ដាំស្វាយ នាំចេញទៅ ដាំចេកនាំចេញទៅ»។

សូមរំលឹកថា នាពេលកន្លងមក សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជូនសារទៅអ្នកវិនិយោគមកពីក្រៅប្រទេស ដែលមានបំណងសុំមកដាក់ទុនធ្វើការវិនិយោគដាំកញ្ឆានៅកម្ពុជា កុំចំណាយពេលវេលា ជិះយន្តហោះមកអី អត់ប្រយោជន៍នោះទេ មិនបាច់មកទេ៕

To Top