ព័ត៌មានជាតិ

ប្រធានសាលាដំបូងខេត្តកំពង់ចាម បញ្ជាក់ថា ស្ថាប័នអយ្យការកំពុងស៊ើបអង្កេត លើសំណុំរឿងចាក់ថ្មរំលោភយកទន្លេ

កំពង់ចាម៖ លោកសួសឡាប្រធានសាលាដំបូងខេត្តកំពង់ចាមបានបញ្ជាក់ថាស្ថាប័នអយ្យការកំពុងធ្វើការស៊ើបអង្កេតលើសំណុំរឿងចាក់ថ្មរំលោភយកទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ។

លោកប្រធានសាលាដំបូងខេត្ត បានបញ្ជាក់ឱ្យដឹងដូច្នេះ នៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៤ ក្រោយពេលដែលលោក ចូលរួមជាមួយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពកាយថ្មចេញពីទន្លេ របស់ក្រុមការងារម្ចាស់ដី នៅចំណុចទីតាំងដូចខាងលើនោះ ។

លោក សួស ឡា បានឱ្យដឹងថា បច្ចុប្បន្នអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបានទទួលពាក្យបណ្ដឹងពីរដ្ឋបាលខេត្ត និងបង្កើតជាសំណុំរឿងកំពុងតែធ្វើការស៊ើបអង្កេត ។

លោក សួស ឡា បញ្ជាក់ទៀតថា ករណីខាងលើនេះ ពាក់ព័ន្ធនឹងផ្លូវច្បាប់ច្រើន មានដូចជា ច្បាប់ភូមិបាល ច្បាប់ធនធានទឹក ច្បាប់កសិកម្ម ច្បាប់បរិស្ថាន ដូច្នេះមិនដឹងថា អយ្យការអមសាលាដំបូងខេត្ត ធ្វើការចោទប្រកាន់ ទៅលើច្បាប់មួយណា ដើម្បីបញ្ជូនស្នើសុំឲ្យតុលាការធ្វើការស៊ើបសួរបន្ត ។ អញ្ចឹងបច្ចុប្បន្ននេះ សំណុំរឿងចាក់ថ្មរំលោភយកទន្លេ គឺស្ថិតក្នុងដៃអយ្យការកំពុងធ្វើការស៊ើបអង្កេតនៅឡើយ។ ពេលការស៊ើបអង្កេតចប់ អយ្យការនឹងបញ្ជូនសំណុំរឿងស្នើសុំឱ្យតុលាការចាត់ការបន្ត ។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ បើតាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា « ចំពោះមុខករណីចាក់ថ្មរំលោភយកទន្លេនេះ អាជ្ញាធរកំពុងអនុវត្តនីតិវិធីរដ្ឋបាល ចំពោះសំណុំរឿងនេះ បច្ចុប្បន្ន រដ្ឋបាលខេត្ត បានបញ្ជូនសំណុំរឿងចូលដល់ស្ថាប័នសាលាដំបូងខេត្តកំពង់ចាមរួចហើយ ដូច្នេះ បញ្ហាទោសទណ្ឌ គឺជាសមត្ថកិច្ចរបស់តុលាការ » ៕

To Top