ព័ត៌មានជាតិ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញការតភ្ជាប់ជើង ហោះហើរទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Romualdez Marcos Jr.)ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានឯកភាពគ្នា ជំរុញការតភ្ជាប់ជើងហោះហើរបន្ថែមទៀត និងការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ រវាងប្រទេសទាំងពីរ ។

ការឯកភាពគ្នានេះ ធ្វើឡើងក្នុងឱកាស ថ្នាក់ដឹកនាំទាំងពីរ ជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ។

ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់ថា ជំនួបនេះជាឱកាសដ៏មានសារៈសំខាន់ ដើម្បីពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នា លើវិស័យសំខាន់ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួម រវាងកម្ពុជា និងហ្វីលីពីន ដែលរួមមានដូចជា៖ វិស័យពាណិជ្ជកម្ម វិស័យការពារជាតិ និងការតភ្ជាប់។

ក្នុងវិស័យពាណិជ្ជកម្ម ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នា ដើម្បីសម្របសម្រួល និងជំរុញការនាំចេញអង្ករ ពីកម្ពុជាទៅហ្វីលីពីន និងបានជំរុញបន្ថែម ការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបន្ថែមទៀត ដើម្បីបង្កើនកាលានុវត្តភាពពាណិជ្ជកម្ម នៃប្រទេសទាំងពីរ។

ចំពោះការតភ្ជាប់ ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ពីសារៈសំខាន់ នៃវិស័យទេសចរណ៍ ដោយ សម្តេចធិបតី និងលោកប្រធានាធិបតី បានឯកភាពគ្នា ដើម្បីសិក្សា និងជំរុញការតភ្ជាប់ជើងហោះហើរបន្ថែមទៀត និងការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ រវាងប្រទេសទាំងពីរ ឱ្យបានកាន់តែសម្បូរបែប។

ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការល្អប្រសើរ នាពេលកន្លងមក ជាមួយនឹងការប្ដេជ្ញាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឈានទៅដល់ការធ្វើលំហាត់រួមគ្នាទ្វេភាគី នាថ្ងៃអនាគត។

ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាលើការងារមួយចំនួនទៀត ពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម រវាងកម្ពុជា-ហ្វីលីពីន ៕

To Top