ព័ត៌មានជាតិ

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងជួសជុលកែលម្អអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី Zhong Jie ទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តគម្រោងជួសជុលកែលម្អ អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមហិរញ្ញប្បទានឥតសំណង ដែលមានទំហំទឹកប្រាក់ចំនួន ៥៣,២លានយ័ន។

លោក វង្សី វិស្សុត បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកស្រី Zhong Jie និងបានសម្ដែង នូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានបន្តផ្តល់ជំនួយ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជា ព្រមទាំងបានសម្តែង នូវការជឿជាក់យ៉ាងមុតមាំថា សាធារណរដ្ឋប្រជាមានិតចិន នឹងបន្តជួយកម្ពុជាលើគ្រប់វិស័យ នៅពេលអនាគតបន្ថែមទៀត ស្របតាម សេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍ វាសនារួមរវាងកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

លោក វង្សី វិស្សុត បានបន្តថា កម្ពុជា-ចិន មានប្រវត្តិទំនាក់ទំនងចាក់ឫសយ៉ាងជ្រៅ ក្នុងប្រវត្តិសាស្ត្រយ៉ាងយូរណាស់មកហើយ ដោយត្រូវបានបុកគ្រឹះ និងកសាងឡើងដោយ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ជាមួយថ្នាក់ដឹកនាំកំពូលរបស់ចិន និងរីកចម្រើនស្គុះស្គាយដោយ សម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះ លោក វង្សី វិស្សុត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដោយមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ កំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកស្គុះស្គាយបន្ថែមទៀត ឥតឈប់ឈរ ជាពិសេសផ្តោតលើ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងគំនិតផ្តួចផ្តើមឆ្នាំ២០២៤នេះ ដែលជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន”។
លោក វង្សី វិស្សុត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ នៃភាគីទាំងពីរ កម្ពុជា-ចិន, ជាពិសេសលោកស្រី ZHONG Jie, ដែលបានខិតខំរហូតសម្រេចបានកិច្ច ព្រមព្រៀងថ្ងៃនេះ៕

To Top