ព័ត៌មានជាតិ

កម្ពុជា-អាមេរិក ឯកភាពរៀបចំគណៈកម្មការ តម្រង់ទិសក្នុងវិស័យកសិកម្ម សំដៅបម្រើ ផលប្រយោជន៍កសិករ

ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឯកភាព រៀបចំគណៈកម្មការតម្រង់ទិស ក្នុងវិស័យកសិកម្ម សំដៅបម្រើផលប្រយោជន៍ ប្រជាជន និងប្រជាកសិករកម្ពុជា ដើម្បីឲ្យត្រូវគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល។

ក្នុងជំនួបពិភាក្សាការងាររវាង លោករដ្ឋមន្ដ្រី ឌិត ទីណា និងឯកអគ្គរដ្ឋទូតអាមេរិក នាថ្ងៃទី៤ មីនា ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហរដ្ឋអាមេរិក នាពេលកន្លងមក ។

លោករដ្ឋមន្ដ្រី ឌិត ទីណា បានបង្ហាញពីគោល នយោបាយ​ និងកម្មវិធីអាទិភាពនានារបស់ក្រសួង ដែលនឹងជួយទ្រទ្រង វិស័យកសិកម្មឲ្យរីកចម្រើនប្រកប ដោយនិរន្តរភាព សេដ្ឋកិច្ចនិងបរិស្ថាន។ ក្នុងស្មារតីបញ្ជាក់ពីឆន្ទៈ បន្តកិច្ចសហប្រតិបត្តិការ រួមគ្នាឲ្យកាន់តែជិតស្និទ្ធ លោកឯកអគ្គរដ្ឋទូត Patrick Murphy អះអាងថា នឹងបន្តគាំទ្រចំពោះគម្រោង និងកម្មវិធីគោលនយោបាយ ទាំងឡាយណា ដែលជាអាទិភាព របស់ក្រសួងកសិកម្ម ។

ភាគីទាំងពីរ ក៏បានជជែកផ្លាស់ប្ដូរ យោបល់អំពីគម្រោង ដែលនឹងត្រូវអនុវត្ត បន្តនាពេលអនាគត ដោយផ្ដោតសំខាន់ លើការអភិវឌ្ឍវិស័យកសិកម្ម ការអភិរក្ស ធនធានធម្មជាតិ និងការទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងពីសត្វមកមនុស្ស ក្រោមគម្រោង One Health ។ ចំពោះគម្រោង One Health នេះ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក បានកត់សម្គាល់ អំពីតម្លាភាព នៃការផ្ដល់ព័ត៌មាន នៃក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដែលបានរួមចំណែកទប់ស្កាត់ ការផ្ទុះរាលដាល នៃជំងឺឆ្លងនានា ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ពាក់ព័ន្ធនឹងការងារ នាពេលអនាគត លោករដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ និងចង់ឲ្យកិច្ចសហប្រតិបត្តិការនេះ ដំណើរការដោយភាពស្មោះត្រង់ មានតម្លាភាព។ ភាគីទាំងពីរ បានឯកភាពរៀបចំគណៈកម្មការ តម្រង់ទិសដែលដាក់គំរោង សហប្រតិបត្តិការ ក្នុងវិស័យ កសិកម្មទាំងអស់ ចូលក្នុងក្របខណ្ឌ នៃការតម្រង់ទិសរួម សំដៅបម្រើផលប្រយោជន៍ ប្រជាជននិងប្រជាកសិករកម្ពុជា ឲ្យត្រូវគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល៕

To Top