នយោបាយ

គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលយក លទ្ធផលការបោះឆ្នោតព្រឹទ្ធសភា

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសទទួលយកលទ្ធផលនៃ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ថា គោរពតាមលទ្ធិប្រជាធិបតេយ្យ ។

ការប្រកាសទទួលយកលទ្ធផលនេះ ដោយសារនៅព្រឹកថ្ងៃ៥ មីនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ។

ក្រោយចេញលទ្ធផលផ្លូវការភ្លាម គណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសនៈ ៥៥កៅអីក្នុងព្រឹទ្ធសភា កាលពីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏បានចេញសេចក្តីថ្លែងការណ៍អបអរសាទរ ។ សេចក្តីថ្លែងការណ៍គណបក្សបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់នេះ (បោះឆ្នោតព្រឹទ្ធសភា) បានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ពីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាមានភាពចាស់ទុំ ហើយកាន់តែត្រូវបានពង្រឹងឡើងតាមគន្លងនីតិរដ្ឋ ក្នុងបរិការណ៍កម្ពុជាមានសន្តិភាព និងឯកភាពជាតិពេញលេញ ប្រជាជនកំពុងរស់នៅយ៉ាងសុខដុមរមនា និងសម្រេចបានសមិទ្ធផលថ្មីៗទៀត ក្នុងការអភិវឌ្ឍសង្គមជាតិ។

លិខិតបញ្ជាក់ថា “គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកនូវការគោរព និងទទួលយកលទ្ធផលផ្លូវការនៃ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន ប្រកាសនៅថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៤ នេះ។ លទ្ធផលនៃការបោះឆ្នោតនេះពិតជា បានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លា និងមោះមុតរបស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេសក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន”។

ជាមួយគ្នានោះដែរ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំថា ព្រឹទ្ធសភា នីតិកាលទី៥ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សដ៏ឧត្តុង្គឧត្តម នឹងបន្តនូវបេសកកម្មជាប្រវត្តិសាស្ត្ររបស់ព្រឹទ្ធសភា នីតិកាលទី៤ ក្នុងស្មារតីគោរពយ៉ាងម៉ឺងម៉ាត់ តាមរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីបំពេញរាល់មុខងាររបស់ព្រឹទ្ធសភា ប្រកបដោយប្រសិទ្ធភាព គឺមុខងារនីតិកម្មមុខងារតំណាង មុខងារតាមដានការអនុវត្តច្បាប់ មុខងារសហប្រតិបត្តិការអន្តរជាតិ និងមុខងារអភិវឌ្ឍន៍ស្ថាប័នព្រមទាំង ពង្រឹងការផ្សារភ្ជាប់រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យ បានកាន់តែប្រសើរឡើងថែមទៀត។

គណបក្សប្រជាជនកម្ពុជាអះអាងថា គណបក្សនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាង ក្នុងលទ្ធភាពទាំងអស់របស់ខ្លួន ដើម្បីពង្រឹងឆ្លងសាមគ្គីភាព ឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ , ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី , ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងបន្តជំរុញការអភិវឌ្ឍ ប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើង ដើម្បីធ្វើឲ្យប្រជាជនមានជីវភាព កាន់តែសម្បូរសប្បាយ រស់នៅយ៉ាង សុខដុមរមនាក្នុងសង្គមប្រកបដោយ ការគោរពតម្លៃមនុស្ស សេរីភាព និងយុត្តិធម៌”។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំង សមមាជិកព្រឹទ្ធសភានីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែង។ ជាលទ្ធផលមានតែគណបក្សចំនួនពីរប៉ុណ្ណោះ ទទួលបានអាសនៈ គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួល៣អាសនៈ ៕

To Top