ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក លី សៀន ឡុង ( Lee Hsien Loong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច ការពារជាតិ និងសន្ដិសុខ សន្ដិសុខថាមពល និងទេសចរណ៍។

ក្នុងជំនួបពិភាក្សាការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត លោកនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាថ្ងៃទី៥ មីនាថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមក ដោយក្ដីសោមនស្សរីករាយ ដោយបានជួបគ្នាសារជាថ្មី បន្ទាប់ពីជំនួបលើកទី១ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យនយោបាយ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ទេសចរណ៍ សន្ដិសុខថាមពល និង ការពារជាតិនិងសន្ដិសុខ ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរ ទស្សនៈអំពីកិច្ចជំរុញ កិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្ដូរទស្សនកិច្ច កម្រិតថ្នាក់ដឹកនាំប្រទេសទាំងពីរ ការតភ្ជាប់ និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាដើម។
ចំពោះវិស័យនយោបាយ ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់ និងអត្ថប្រយោជន៍ នៃការរៀបចំកិច្ចពិគ្រោះនយោបាយឡើងវិញ និង បានឯកភាពជំរុញឱ្យមានកិច្ចពិគ្រោះយោបល់នយោបាយលើកទី២ រវាងកម្ពុជា និងសិង្ហបុរី នៅពេលខាងមុខ ។

ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពលើការ ជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ ដោយបានលើកទឹកចិត្ត ឱ្យមានការជំរុញកិច្ចសហប្រតិប្តតិរវាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យមានគំនិតផ្តួចផ្តើម និង ផែនការសកម្មភាពជាក់លាក់។
ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នា ទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដែលរួមចំណែកដល់ការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម តាមប្រព័ន្ធអិនធើណែត (Cybercrime) ល្បែងស៊ីសងអនឡាញច្បាប់នានា។

ពាក់ព័ន្ធនឹងវិស័យសន្តិសុខថាមពល សម្ដេចធិបតី បានជម្រាបជូនឯកឧត្តម នាយករដ្ឋមន្រ្តី សិង្ហបុរីថា នាឱកាសនៃជំនួបជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ថ្មីៗនេះ ភាគីម៉ាឡេស៊ី បានឯកភាព និងគាំទ្រលើការតភ្ជាប់ បណ្តាញអគ្គីសនី កប់ក្រោមបាតសមុទ្រ ដែលជាបណ្តាញ សម្រាប់តភ្ជាប់អគ្គិសនីពីឡាវ មកសិង្ហបុរី កាត់តាមកម្ពុជា។
ដោយឡែក ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ សម្ដេចធិបតី បានជម្រាបជូនទៅ លោកនាយករដ្ឋមន្ត្រីសិង្ហបុរីថា ថ្មីៗនេះ កម្ពុជាបានដាក់ចេញនូវ កម្មវិធី ទស្សនាខេត្តសៀមរាបឆ្នាំ ២០២៤ ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការរៀបចំនូវយន្តការនៃការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ដោយមានការចូលរួមពីវិស័យឯកជន។
សម្ដេចធិបតី បានជម្រាបជូន លោកនាយករដ្ឋមន្រ្តីសិង្ហបុរីថា ប្រទេសទាំងពីរគួរបង្កើន នូវកិច្ចសហប្រតិបត្តិការ ជាមួយគ្នា បន្ថែមទៀត តាមរយ:កាបង្កើត ផលិតផលទេសចរណ៍ឱ្យកាន់តែមានភាពសម្បូរបែប និងទាក់ទាញ បង្កនូវភាពងាយស្រួល និងពង្រីកជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ និងលើកកម្ពស់នូវទំនាក់ទំនង រវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីស្វែងរកសក្តានុពលថ្មីៗនៃវិស័យទេសចរណ៍ ប្រទេសទាំងពីរ ៕
