ព័ត៌មានជាតិ

ក្រសួងព័ត៌មាន អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ ក្នុងការគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនផលិត និងលក់ផលិតផលគ្រឿងស្រវឹង និងតំណាងក្រុមហ៊ុនផ្សព្វផ្សាយ ពាណិជ្ជកម្ម កាលពីថ្ងៃទី៤ មីនា បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមសហការ ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ នៃការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង ។

ក្នុងកិច្ចប្រជុំមួយនេះ លោករដ្ឋមន្ត្រី បានថ្លែងពីផលវិបាកដែលអាចនឹងកើតចេញ ពីការសេពគ្រឿងស្រវឹង និងភាពចាំបាច់ក្នុងការទប់ស្កាត់ និងកាត់បន្ថយផលវិបាកទាំងនេះ។ កិច្ចប្រជុំបានផ្តោតការពិភាក្សា លើហានិភ័យ និងផលប៉ះពាល់ដល់សីលធម៌សង្គម និងសុខុមាលភាពសាធារណៈ ដែលអាចបណ្តាលមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម ជ្រុលហួសហេតុ ក៏ដូចជាបានផ្តោតលើតួនាទី និងការចូលរួមសហការពីក្រុមហ៊ុនផលិត ចែកចាយនិងលក់ផលិតផលគ្រឿងស្រវឹង ព្រមទាំងក្រុមហ៊ុនផ្តល់សេវាកម្ម ផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងការអនុវត្តនូវរាល់សេចក្តីណែនាំនានា របស់ក្រសួង ក៏ដូចជាលិខិតបទដ្ឋាន និងច្បាប់ពាក់ព័ន្ធជាធរមាន។ នេះបើតាមការបញ្ជាក់របស់ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ។

តាមរយៈអ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីពេលកន្លងទៅនេះ បានជួបពិភាក្សារួចមកហើយ ជាមួយម្ចាស់ស្ថានីយ៍ទូរទស្សន៍ និងគ្រឹះស្ថានផ្សព្វផ្សាយ ដើម្បីបង្កើនកិច្ចសហការ ក្នុងការ គ្រប់គ្រងសណ្តាប់ធ្នាប់ នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ទាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើប។

នាពេលកន្លងទៅថ្មីៗនេះ ក្រសួងព័ត៌មាន បានក្រើនរំលឹកអំពីភាពចាំបាច់ ក្នុងការពង្រឹងការអនុវត្តវិធានការ នៃការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ក្នុងគោលបំណង ទប់ស្កាត់សកម្មភាព ផ្សព្វផ្សាយពាណិជ្ជកម្ម ជ្រុលហួសហេតុ ប៉ះពាល់ដល់សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ។

ក្នុងនោះក្រសួងបានផ្សព្វផ្សាយ និងណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យ៖ ១-បញ្ឈប់ការប្រើប្រាស់រូបភាព នៃការហៅមនុស្សឡើងលើឆាកតន្ត្រី និងសង្វៀងប្រដាល់ ដើម្បីពិសាស្រាបៀរហើយផ្សព្វផ្សាយ, ២-ពិធីករពិធីការិនី ដែលជាមនុសមានឥទ្ធិពល លើបណ្តាញផ្សព្វផ្សាយ កុំប្រើប្រាស់រូបភាពគាសកំប៉ុងស្រាបៀរពិសា និងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ និងបណ្តាញទំនាក់ទំនងសង្គម, ៣-ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ ចាំបាច់ត្រូវភ្ជាប់នឹងសារអប់រំសុខភាព «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ, ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ» ដើម្បីធានាតុល្យភាពខ្លឹមសារបែបពាណិជ្ជកម្ម និងខ្លឹមសារអប់រំ។

អ្នកនាំពាក្យដដែរនេះ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងពីសារៈសំខាន់នៃភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការសហការអនុវត្តដើម្បីធានាការគ្រប់គ្រង ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ឱ្យមានប្រសិទ្ធភាព។

លោកអ្នកនាំពាក្យបន្តថា លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់ ដែលគ្រប់ភាគីទាំងអស់ ត្រូវចូលរួមសហការក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ នៃការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ការរួមគ្នាគ្រប់គ្រងសណ្តាប់ធ្នាប់ នៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺដើម្បីជួយទៅដល់សង្គម ជួយទៅដល់ក្រុមហ៊ុន និងជួយទៅដល់ប្រជាជនកម្ពុជា ដែលជាអ្នកប្រើប្រាស់ផលិតផល​, កាត់បន្ថយគ្រោះថ្នាក់​ និងបង្កើននូវសុខដុមនីយកម្មក្នុងសង្គម»។

ជាមួយគ្នានេះ តំណាងក្រុមហ៊ុនផលិត និងលក់ផលិតផលគ្រឿងស្រវឹង និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបានចូលរួមប្រជុំ បានបង្ហាញនូវការគាំទ្រ ចំពោះវិធានការ និងការសម្រេចនានា ដែលក្រសួងបានផ្តួចផ្តើម និងបានដាក់ចេញសម្រាប់ការអនុវត្ត ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា។

ក្នុងគោលបំណងដើម្បីលើកកម្ពស់ ប្រសិទ្ធភាពក្នុងការអនុវត្ត ក្រសួងព័ត៌មាន កំពុងប្រមូលធាតុចូលសម្រាប់រៀបចំក្រុមការងារបច្ចេកទេសមួយឡើង ដើម្បីសម្របសម្រួលការងារ ទំនាក់ទំនង កិច្ចពិភាក្សាស្វែងរកដំណោះស្រាយ និងសម្របសម្រួល ការគ្រប់គ្រងបច្ចេកទេស ពាក់ព័ន្ធនឹងការផលិតស្ពតពាណិជ្ជកម្ម ក៏ដូចជាបច្ចេកទេសផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីធានាការគោរព ក្រមសីលធម៌ និងការអនុវត្ត ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ ជាធរមាន៕

To Top