ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ជួបពិភាក្សាជាមួយ លោក យូ ស៊ុនឡុង ដើម្បីរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជួប ពិភាក្សាការងារជាមួយ លោក យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងប្រតិភូទទួលបន្ទុកសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ដំណើរការសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

ជាកិច្ចចាប់ផ្ដើម លោក ឆាយ ប្ញទ្ធិសែន បានសម្ដែងការស្វាគមន៍ និងអបអរសាទរជូនចំពោះគណៈប្រតិភូដែលបានអញ្ជើញមកពិភាក្សា ជាមួយគណៈកម្មការរៀបចំ សន្និបាតនាពេលនេះ ។

បន្ទាប់ពីអង្គប្រជុំបានស្ដាប់របាយការណ៍ ពីការត្រៀមរៀបចំដំណើរការសន្និបាតរួចមក លោក យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានស្នេីឱ្យអង្គភាពពាក់ព័ន្ធ ធ្វេីសេចក្តីរាយការណ៍ ដែលរួមមាន គណៈបញ្ជាការអង្គរក្ស គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងាររុករកជាតិផ្ទុះ និងគណៈកម្មការរៀបចំបុណ្យជាតិ និងអន្ដរជាតិ ដែលអង្គភាព និងក្រុមការងារទាំងនេះ បានផ្ដល់នូវយោបល់ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ដើម្បីការពារសុវត្ថិភាពជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដំណើរការបើក និងបិទសន្និបាតទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្ដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងត្រៀមសហការ ព្រមទាំងបានគាំទ្រចំពោះផែនការសន្តិសុខទាំងអស់ របស់ក្រុមការងារដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

សូមបញ្ជាក់ផងដែរថា​ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នឹងប្រព្រឹត្តទៅនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ រយៈពេល ០២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៤ ដែលអញ្ជើញក្នុងពិធីបើកក្រោមអធិបតីភាពរបស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា៕

To Top