ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យផ្លូវ៥ខ្សែ ក្នុងស្រុកបរិបូណ៌ កំពង់ត្រឡាច និងស្រុករលាប្អៀរ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្ដីជំនាញ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ៥ខ្សែ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។

ផ្លូវទាំង៥ខ្សែនោះ រួមមាន ៖

ខ្សែទី១/ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST តភ្ជាប់ពីផ្លូវជាតិលេខ ៥ ទៅដល់វត្តគំរាបរុក្ខារាម ក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ មានប្រវែង ៣ ៣០០ម៉ែត្រ ទទឹង ៨ម៉ែត្រ មានសំណង់លូមូលមុខ ១ ចំនួន ១០កន្លែង ក្រាលកៅស៊ូ ៦ម៉ែត្រ ចិញ្ចើមក្រាលល្បាយគ្រួស ម្ខាងៗ ១ម៉ែត្រ ។ ជាលទ្ធផលសម្រេចបាន ២០% គ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤។

ខ្សែទី២/ ជាប្រភេទផ្លូវបេតុង មានប្រវែង ២ ៦២០ម៉ែត្រ ស្ថិតនៅក្នុងឃុំអញ្ចាញរូង ស្រុក បរិបូណ៌ក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP)។ ជាលទ្ធផលសម្រេចបាន ៦០% គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤ ។

ខ្សែទី៣/ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ DBST មានប្រវែង ៥ ៦៧០ម៉ែត្រ តភ្ជាប់ពីឃុំប្រស្នឹប ស្រុករលាប្អៀរទៅដល់ឃុំអញ្ចាញរូងស្រុកបរិបូណ៌ ។ជាលទ្ធផលសម្រេចបាន ៣០% គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៥ ជាគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ។

ខ្សែទី៤/ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ២០គីឡូម៉ែត្រ តភ្ជាប់ពីឃុំប្រសែប ស្រុកកំពង់ត្រឡាចទៅដល់ឃុំអភិវឌ្ឍន៍ស្រុកទឹកផុស ក្នុងក្របខណ្ឌគម្រោងកសាងសមត្ថភាពផលិតភាពជនបទ (CRRPCP)
។ ជាលទ្ធផលសម្រេចបាន ៧០% គ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ។

ខ្សែទី៥/ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១១គីឡូម៉ែត្រ និង ៤៥ម៉ែត្រ បានស្ថាបនារួច ១០០% ក្នុងឃុំជើងគ្រាវ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងក្របខណ្ឌគម្រោងកសាងសមត្ថភាពផលិតភាពជនបទ (CRRPCP)។

គួរជម្រាបជូនផងដែរថា ការអញ្ជើញចុះត្រួតពិនិត្យការស្ថាបនាផ្លូវនាឱកាសនេះ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពក្នុងការសាងសង់ ក៏ដូចជាបច្ចេកទេសផងដែរ។ មានប្រសាសន៍ក្នុងឱកាសនោះ រដ្ឋមន្រ្ដីលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ មានសារៈសំខាន់ប្រៀបដូចសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាកសិករចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្រិតកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់ជនបទ ។ ដូចនេះការអភិវឌ្ឍផ្លូវនៅជនបទជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនិតិកាលទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដែលធានាសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ៕

To Top