ព័ត៌មានជាតិ

ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី បើកវគ្គបណ្តុះបណ្តាល ស្តីពី «ការវិវត្តនៃវិធានពាណិជ្ជកម្មនៅកម្ពុជា»

ភ្នំពេញ៖ ក្រុមប្រឹក្សាអ្នកច្បាប់ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នេះ បានបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការវិវត្តនៃវិធានពាណិជ្ជកម្មនៅកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នៅសាល C អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ។

វគ្គបណ្តុះបណ្តាលនេះ​ ធ្វើបទបង្ហាញដោយលោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជូនដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកបម្រុង ជំនួយការ និងមន្ត្រីរាជការនៃក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យ ទីស្តីការគណៈរដ្ឋមន្រ្តី មានចំនួនសរុបប្រមាណ៤៥០នាក់។

គួរបញ្ជាក់ផងដែរថា នេះជាវគ្គបណ្តុះបណ្តាលលើកទី២ បន្តពីវគ្គបណ្តុះបណ្តាលលើកទី១ លើប្រធានបទ «ការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា» នៅក្នុងអាណត្តិថ្មី ដែលក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តីរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់របស់ លោក វង្សី វិស្សុត ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពង្រឹងសមត្ថភាពគុណភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើននូវប្រសិទ្ធភាព និងផលិតភាពការងារឱ្យកាន់តែប្រសើរជាងមុន ទាំងក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចតាមបណ្តាក្រសួងស្ថាប័នផ្សេងៗ៕

To Top