ព័ត៌មានជាតិ

សម្ដេចធិបតី រំភើបឡើងព្រឺរោម ព្រោះកម្ពុជា មានអាកាសយានដ្ឋាន អន្តរជាតិតេជោ លំដាប់ 4F ជារបស់ខ្មែរ

កណ្ដាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា សម្ដេចមានអារម្មណ៍រំភើបជាខ្លាំង ដោយសារកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិតេជោ មានលក្ខណៈទំនើបលំដាប់4F ដែលជារបស់ខ្មែរតែម្ដង។

នាឱកាសអញ្ជើញ ជួបសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សម្ដេចធិបតីមានប្រសាសន៍ថា សម្តេច ធ្លាប់បានឃើញព្រលានយន្តហោះធំៗ ជាច្រើននៅ តាមបណ្ដាប្រទេសនានា តែមិនរំភើបដូចឃើញព្រលាន យន្តហោះអន្តរជាតិតេជោនោះឡើយ ព្រោះជារបស់ខ្មែរ។

សម្ដេចមានប្រសាសន៍ថា «រំភើប ព្រឺរោម។ ថ្ងៃមុនខ្ញុំ ទៅសម្ពោធអាកាសយានដ្ឋានអង្គរ មានអារម្មណ៍រំភើបម្ដងហើយ ។ ខ្ញុំដើរច្រើនប្រទេសដែរ ព្រលានយន្ដហោះបែបនេះ យើងឃើញធ្លាប់មាននៅប្រទេសផ្សេងៗដែរ។ ប៉ុន្ដែអ្វីដែលជាមោទភាព ធ្វើឲ្យខ្ញុំ រំភើបនោះ ព្រោះអានេះ នៅលើទឹកដីខ្មែររបស់យើង ជារបស់ខ្មែររបស់យើង ។ នេះជាអ្វីដែលយើងធ្វើបាន»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១% និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ចំនួន ៩៦១ លានដុល្លារនៃគម្រោងទឹកប្រាក់ វិនិយោគសរុបចំនួន ១,៥០០ លានដុល្លារ។ គម្រោងនេះ បានសាងសង់ឡើងលើផ្ទៃដី ទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ៕

To Top