ព័ត៌មានជាតិ

ប្រធានក្រុមឣនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ច នៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត

ភ្នំពេញ: លោកវរសេនីយ៍ឯក Korwaranon Glunprumsuwan ឣនុព័ន្ធយោធាថៃ និងជាប្រធានក្រុមឣនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចំនួន ២១នាក់ ស្រី០១នាក់ មាន១៣សញ្ជាតិ បានអញ្ជើញមកទស្សនកិច្ចផ្លូវការ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។

ពិធីបដិសណ្ឋារកិច្ច ធ្វើនៅសាលប្រជុំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត នាយប៉ុស្តិ៍ស្ដីទី តំណាងលោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំលោកនាយរងប៉ុស្តិ៍ នាយផ្នែក និងនាយរងផ្នែក មួយចំនួនទទួលបដិសណ្ឋារកិច្ច។

ក្នុងដំណើរទស្សនកិច្ចនេះ លោកវរសេនីយ៍ឯក Korwaranon Glunprumsuwan និងសហការី ក៏បានជួបសម្ដែងការគួរសមសំណេះសំណាល ពិភាក្សាអំពីកិច្ចការងារជំនាញអន្តោប្រវេសន៍ និងស្ដាប់បទឧទ្ទេសនាមតាមការធ្វើបទបង្ហាញស្ដីពីទីតាំងភូមិសាស្ត្រ រង្វង់ប្រតិបត្តិការ រចនាសម្ព័ន្ធ តួនាទីភារកិច្ច កិច្ចសហប្រតិបត្តិការ ស្ថិតិអ្នកដំណើរ និងមធ្យោបាយចេញ-ចូល បញ្ហាប្រឈម ទិសដៅអនុវត្តបន្ត កិច្ចការងារសង្គម និងអំពើមនុស្សធម៌ ដែលប៉ុស្តិ៍បានអនុវត្តនាពេលកន្លងមក ៕

To Top