ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ដាក់ចេញវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានដាក់ចេញ វិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១៤ មីនា បានឲ្យដឹងថា ក្រសួងបរិស្ថាន ពិនិត្យឃើញថា ក្នុងរយៈពេល ចុងក្រោយនេះមានសកម្មភាព កាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុង តំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិ បំពាននឹងបទប្បញ្ញត្តិច្បាប់ ជាធរមាន និងកំពុងបានប្រើប្រាស់ដី ដែលកំពុងស្ថិតក្នុងដំណើរ ការនីតិវិធីរបស់ស្ថាប័នតុលាការ។

ក្នុងន័យនេះ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការដូចខាងក្រោម៖

ទី១-សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែង ជនប្រព្រឹត្តបទល្មើស។

ទី២-សមត្ថកិច្ចពាក់ព័ន្ធត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិត ផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញ ទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។

ទី៣- បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុករាន ឬ ឆ្ការដុត ឬឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិ ដែលនឹងត្រូវផ្តន្ទាទោស តាមបទប្បញ្ញត្តិច្បាប់ជាធរមាន។

ទី៤-បុគ្គលដែលបានប្រព្រឹត្តអំពើ ដូចមានចែងក្នុងចំណុចទី៣ខាងលើ ត្រូវប្រគល់ដីដែលខ្លួនបានកាន់ កាប់នោះជូនមកសមត្ថកិច្ចក្រសួងបរិស្ថានវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។

ក្រសួងបរិស្ថាន បាននឹងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងបរិស្ថាន ក៏សូមក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ មន្ទីរបរិស្ថានរាជធានីខេត្ត សាធារណជន និងបុគ្គលពាក់ព័ន្ធចូលរួម គោរពច្បាប់ទាំងអស់គ្នា ព្រមទាំងផ្តល់កិច្ចសហការ ក្នុងការអនុវត្តច្បាប់ដោយស្មារតី ទទួលខុសត្រូវខ្ពស់៕

To Top