ព័ត៌មានជាតិ

កម្ពុជា យកកម្មវិធីបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ បញ្ចូលគ្នាជាគោលនយោបាយតែមួយ

ភ្នំពេញ៖ យោងតាមលទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចេញដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើរបៀបវារៈ ទី១.សេចក្តីព្រាងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ បានឲ្យដឹងថា ដោយហេតុថា គ្មានការលុបបំបាត់ឲ្យអស់១០០% កម្ពុជា បានរៀបចំបញ្ចូលគ្នា ជាគោលនយោបាយតែមួយ ទាំងការបញ្ចប់អេដស៍ និងចីរភាពនៃកម្មវិធីអេដស៍ ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា ក្រោមម្លប់សុខសន្តិភាព និងប្រកបដោយការអភិវឌ្ឍជាប់ជាប្រចាំអស់រយៈពេលជាំង២៥ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបទៅនឹងការរីករាលដាលមេរោគអេដស៍ ប្រកបដោយជោគជ័យ និងត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិថា ជាប្រទេសឈានមុខមួយ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានសម្រេចគោលដៅ ៩០-៩០-៩០ នៅឆ្នាំ២០១៧ ។

ក្នុងនោះដែរ កម្ពុជា មានសក្តានុពលអាចឈានទៅសម្រេចបាន គោលដៅបញ្ចប់អេដស៍ ឬសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ។ ការបញ្ចប់អេដន៍ ត្រូវបានអង្គការសហប្រជាជាតិ កំណត់កាត់បន្ថយឲ្យបាន៩០ភាគរយ នៃការឆ្លងថ្មី និងការស្លាប់ដោយសារអេដស៍ នៅឆ្នាំ២០៣០ បើធៀបនឹងឆ្នាំ២០១០ ។

ជាមួយគ្នានេះ ដោយហេតុថា គ្មានការលុបបំបាត់ឲ្យអស់១០០% កម្ពុជា បានរៀបចំបញ្ចូលគ្នា ជាគោលនយោបាយតែមួយ ទាំងការបញ្ចប់អេដស៍ និងចីរភាពនៃកម្មវិធីអេដស៍ ។ ចីរភាពនៃកម្មវិធីអេដស៍នេះ តម្រូវឲ្យរាជរដ្ឋាភិបាលវាយតម្លៃ លើទំហំនៃតម្រូវការចាំបាច់ ផ្នែកធនធាននិងធានាថា កម្មវិធីអេដស៍នៅតែអាចបន្តអនុវត្តបាន បើទោះបីជាជំនួយហិរញ្ញវត្ថុ ក្រៅប្រទេសរីងស្ងួតក្តី ឬបើទោះជាកម្ពុជាចាកចេញពីស្ថានភាពនៃប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់យ៉ាងណាក្តី ដើម្បីទប់ស្កាត់មិនឲ្យមេរោគអេដស៍ និងជំងឺអេដស៍ផ្ទុះឡើងវិញ បង្កជាគ្រោះមហន្តរាយ គំរាមកំហែងដល់សុខភាពសាធារណៈ៕

To Top