ព័ត៌មានជាតិ

ប្រតិបត្តិការបង្ក្រាបបទល្មើស ធនធានធម្មជាតិទ្រង់ទ្រាយធំ ថ្ងៃទី២ នៅខេត្តពោធិ៍សាត់ កម្លាំងចម្រុះឃ្លុំដីទុកជាង ២ពាន់ហិកតា និងដកហូតវត្ថុតាងមួយចំនួនធំ

ភ្នំពេញ៖ ប្រតិបត្តិការបង្ក្រាបបទល្មើស ធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ត្រូវជាថ្ងៃទី២ នៃប្រតិបត្តិការទ្រង់ទ្រាយធំ កម្លាំងចម្រុះ បានឃ្លុំដីទុកបាន ២,២៥៩.១ហិកតា អប់រំផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋចំនួន ៨នាក់។

ការចេញប្រតិបត្តិការទ្រង់ទ្រាយធំរបស់សមត្ថកិច្ចចម្រុះ បានធ្វើឡើងក្រោយការដាក់បទបញ្ជាដោយផ្ទាល់ពីលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

យោងតាមរបាយការណ៍នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះ បានដកហូតម៉ាស៊ីនកាត់ស្មៅ ១គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំស្មៅ ១គ្រឿង, កាំបិតកកុក ៦ដើម, រណារយន្ត ១គ្រឿង, អាគុយ៖ ៤ធុង, តាបឈូសឈើ ១គ្រឿង, ផាលគាស់ដំឡូង ១គ្រឿង, កន្ទុយរ៉ឺម៉ក ១គ្រឿង, ស៊ីទែនទឹកចំណុះ៥០០លីត្រ ចំនួន១, ធុងទឹកចំណុះ ៥០០លីត្រ ចំនួន១, ម៉ាស៊ីនខួងបង្គោលរបង ១គ្រឿង។

ក្នុងនោះកម្លាំងបានរឹបអូសវត្ថុតាង ផ្ទះប្រក់ស័ង្កសី ៥ម គុណ៦ម ចំនួន ២ខ្នង, ផ្ទះប្រក់ស័ង្កសី ៣ម គុណ ម៤ ចំនួន ២ខ្នង, ផ្ទះប្រក់ស្បូវ ៤ម គុណ ៥ម ចំនួន ២ខ្នង, ខ្ទមប្រក់តង់ ៣ម គុណ៤ម ចំនួន ៩ខ្ទម, រោងប្រក់ស្លឹក ២ខ្នង, រោងតង់កៅស៊ូ ៣ខ្នង, ម៉ាស៊ីត្រង់ស៊ីន័រ ២គ្រឿង, ដំឡូងមី ចំនួន ៤៧០៩បាច់, ដើមចេក ២៤៦គុម្ព, ដូង ៣៤៩ដើម, ក្រូច ៤៨៧ដើម, ម្កាក់ ២០ដើម, ធុរ៉េន ២០ដើម, សៅម៉ៅ៥០ដើម, មៀន ២០ដើម, ត្របែក ៥០ដើម, ដើមល្ហុង ៤០ដើម។

គួរឱ្យដឹងថា នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចជូនលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធបន្តពង្រឹង ការគ្រប់គ្រងធនធានធម្មជាតិ និងព្រៃឈើ និងត្រូវបន្តទប់ស្កាត់ការកាប់ទន្ទ្រានបំផ្លាញព្រៃឈើ នៅគ្រប់ទីកន្លែងទូទាំងប្រទេស៕

To Top