ព័ត៌មានជាតិ

សម្តេចធិបតី ៖ កម្ពុជា មិនចាំបាច់បង្កើត​ក្រុមហ៊ុនទេសចរណ៍ ជារបស់រដ្ឋនោះទេ ព្រោះមិនចំណេញ

រូបភាព ៖ ម៉ៅ ដារ៉ាត

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជា មិនចាំបាច់ត្រូវធ្វើកិច្ចការ ងារដោយខ្លួនឯង ក្នុងការបង្កើតក្រុមហ៊ុនទេសចរណ៍ជារបស់រដ្ឋនោះទេ ដោយហេតុមិនចំណេញ ខណៈ សម្តេចថា វិស័យទេសចរណ៍ ទុកឲ្យវិស័យឯកជនធ្វើការ ចំណែកស្ថាប័នរដ្ឋ ធ្វើការងារបម្រើវិញ ។

ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ក្នុងឱកាសអញ្ជើញបើកពិធី​បុណ្យទន្លេ លើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” នៅខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ ។

ក្នុងឱកាសនោះ សម្តេចបានលើកទឹកចិត្ត និងផ្តល់ទស្សនទានមួយចំនួន ដើម្បីរួមចំណែក ដល់ការលើកកម្ពស់ វិស័យទេសចរណ៍ ។ ដោយសម្តេចធិបតី បានធ្វើការបញ្ជាក់ថា កិច្ចការងារចរចា និងទាក់ម៉ូយ ពីក្រៅប្រទេស មកកាន់កម្ពុជា ត្រូវបានរាជរដ្ឋាភិបាល ខិតខំទាញយកមករួចទៅហើយ ហើយកិច្ចការងារបន្ទាប់មកទៀត គឺវិស័យឯកជនខ្លួនឯងផ្ទាល់ ដែលជាអ្នកដើរតួនាទីសំខាន់ ត្រូវចេះចាប់យកឱកាស ផលិតនូវផលិតផលទសចរណ៍ ។

សម្តេចធិបតីលើកឡើងថា “រដ្ឋាភិបាលអត់ចេះធ្វើជំនួញនោះទេ ហើយក៏មិនចាំបាច់ឲ្យរដ្ឋាភិបាល ធ្វើការងារពាណិជ្ជកម្ម ឬធុរកិច្ចដែរ ទុកឲ្យអ្នកធុរកិច្ចធ្វើធុរកិច្ច ទើបវាចំណេញជាង ។ រដ្ឋាភិបាល ត្រឹមតែចរចាបើកកិច្ចព្រមព្រៀង ភ្ជាប់ទំនាក់ទំនង ផ្តល់គោលការណ៍ ដើម្បីលើកទឹកចិត្ត ផ្តល់គោលការណ៍អនុគ្រោះពន្ធ ផ្តល់គោលការណ៍រៀបចំការស្វាគមន៍បានល្អ ប៉ុន្តែការរៀបចំផលិតផលជាក់ស្តែង ទាំងពីការផ្សព្វផ្សាយ នៅតាមបណ្តាប្រទេសកញ្ចប់ទេសចរណ៍ ទាំងការស្វាគមន៍មកដល់និងការស្នាក់នៅ បរិស្ថានទាំងអស់ គឺអាស្រ័យទៅលើបងប្អូនក្នុងវិស័យទេចរណ៍ ។ ចឹងហើយបានការរៀបចំយុន្ធការថ្មី គឺយើងធ្វើយ៉ាងណា ឲ្យវិស័យទេសចរណ៍ វិស័យឯកជន អាចដើររួមតួនាទីបានយ៉ាងសកម្ម មិនត្រឹមតែជួយគិត លើកជាសំណើរនោះទេ ប៉ុន្តែថែមទាំងរួមគ្នា ដើម្បីដើរតួរនៅក្នុងការអនុវត្ត”។

ក្នុងន័យនេះ សម្តេចធិបតីថា “ដើរទាក់ម៉ូយ ហើយថែរក្សាម៉ូយ និងពង្រីកម៉ូយឲ្យកម្ពុជាតែម្តងទើបទៅរួច ។ ហើយកម្ពុជា មិនចាំបាច់បង្កើត​ក្រុមហ៊ុនទេសចរណ៍របស់រដ្ឋដែរ អត់ចំណេញទេ ហើយក៏មិនចាំបាច់ចំណាយលុយ ទៅយកបុគ្គលិករបស់រដ្ឋ ទៅធ្វើការងារសម្រាប់ឯកជនដែរ ។ វិស័យទេសចរណ៍ ទុកឲ្យវិស័យឯកជនគាត់ធ្វើការច្រើន យើង(ស្ថាប័នរដ្ឋ) ធ្វើការងារបម្រើវិញ បានន័យថា ផ្តល់គោលការណ៍ ផ្តល់ការគាំពារ ​ផ្តល់សន្តិសុខ ផ្តល់សណ្តាប់ធ្នាប់ រក្សាសន្តិភាពជូន”៕

To Top