ព័ត៌មានជាតិ

សម្តេចធិបតី មិនឲ្យគោលដៅទេសចរណ៍ និងតំបន់តាមដងទន្លេ ក្លាយជាកន្លែងជ្រកកោន អ្នកប្រើប្រាស់គ្រឿងញៀន ឬឧក្រិដ្ឋកម្មផ្សេងៗ

សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្តឲ្យមានការពង្រឹងសុវត្ថិភាពគ្រប់គោលដៅទេសចរណ៍ និងមិនត្រូវឲ្យតំបន់គោលដៅទេសចរណ៍ រួមទាំងតំបន់តាមដងទន្លេ ក្លាយជាតំបន់ជ្រកកោន នៃអ្នកប្រើប្រាស់គ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗឡើយ។

នាឱកាសអញ្ជើញបើកជាផ្លូវការបុណ្យទន្លេ នាល្ងាចថ្ងៃទី១៦ មីនា សម្ដេចធិបតីបានមានប្រសាស៍ថា ដោយការរក្សាសុខសន្តិភាពជាកត្តាមិនអាចខ្វះបាននៃគ្រប់ការអភិវឌ្ឍ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសន្តិភាព ដែល រកបានយ៉ាងលំបាក និងមិនត្រូវឲ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពឡើយ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីបង្កើនភាពទាក់ទាញរបស់កម្ពុជា និង បន្តជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរ ។

សម្ដេចធិបតី មានប្រសាសន៍ថា «ត្រូវបន្តយកចិត្តទុក ដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ពិសេស ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យបានហ្មត់ចត់ និងជាប់ជាប្រចាំ។ ក្នុងន័យនេះ, ខ្ញុំសូមលើកទឹកចិត្តឲ្យមានការពង្រឹងសុវត្ថិភាពនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ និងមិនត្រូវឲ្យតំបន់គោលដៅទេសចរណ៍ទាំងនោះ រួមទាំងតំបន់តាមដងទន្លេ ក្លាយជាតំបន់ជ្រកកោននៃអ្នកប្រើប្រាស់គ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗឡើយ»។

សម្ដេចធិបតីបន្ដថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ត្រូវបន្តសហការបានជិតស្និទ្ធ ស្របតាមអភិក្រម «ចីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីចូលរួមអនុវត្តវិធានការ និង គោលនយោបាយនានា សំដៅសម្រេចបាននូវគោលដៅនៃយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤»។

សម្ដេចធិបតីបន្ថែមទៀតថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ពិសេសបណ្តាខេត្តជុំវិញទន្លេមេគង្គ និង បឹងទន្លេសាប លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូន៕

To Top